ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យ (២០សីហា) ថា ម៉ូឌុលចុះចតនៃបេសកកម្មព្រះចន្ទដែលកំពុងបន្តរបស់ឥណ្ឌា ឈ្មោះចន្ត្រាយាន-៣ (Chandrayaan-3) ត្រូវបានកំណត់ពេលចុះចតលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ ប្រហែលម៉ោង៦:០៤នាទីល្ងាច ម៉ោងស្តង់ដារឥណ្ឌា។
ទីភ្នាក់ងារអវកាសនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពេលវេលាចុះចតនោះ នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ខ្លួន រួមជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Doordarshan ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដូចជាបណ្ដាញសង្គម Facebook និងកម្មវិធីវីដេអូ YouTube ជាដើម។ យានចន្ត្រាយាន-៣ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី១៤ ខែកក្កដា ហើយបានបំបែកចេញពីយានអវកាសកាលពីថ្ងៃព្រហស្បតិ៍។
អង្គការ ISRO បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សាលារៀន និងស្ថាប័នអប់រំទាំងអស់នៅទូទាំងប្រទេសអាស៊ីខាងត្បូង ត្រូវបានអញ្ជើញឱ្យចែករំលែកព័ត៌មានយ៉ាងសកម្មក្នុងចំណោមសិស្សានុសិស្ស និងរៀបចំការផ្សាយបន្តផ្ទាល់ពីការចុះចតយានអវកាសរបស់ខ្លួននៅក្នុងបរិវេណទីតាំងអាគាររបស់ពួកគេផងដែរ៕

