ប្រេស៊ីល៖ ក្រុមមន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និងមនុស្ស២៧នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ (២០ សីហា) នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល នៅពេលដែលអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងរថយន្តក្រុង ដែលដឹកអ្នកគាំទ្របាល់ទាត់នៅលើផ្លូវភ្នំ។ ពួកគេបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវហាយវ៉េមួយនៅជិតទីក្រុង Belo Horizonte ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល។
ក្រុមអ្នកដំណើរដែលត្រូវបានសម្ភាសន៍ដោយគេហទំព័រព័ត៌មាន G1 បាននិយាយថា អ្នកបើកបរបានស្រែកថាខ្លួនមិនអាចជាន់ហ្វ្រាំងភ្លាមៗ មុនពេលបាត់បង់ការគ្រប់គ្រងរថយន្ត។ អ្នកគាំទ្រជាង៤០នាក់នៃក្លឹបបាល់ទាត់ Corinthians នៃទីក្រុងសៅប៉ូឡូ បានស្ថិតនៅលើឡានក្រុងដោយត្រលប់មកពីការប្រកួតកាលពីយប់មុននៅទីក្រុង Belo Horizonte ។
លោក Fernando Frois អនុសេនីយឯកនៃក្រុមអ្នកពន្លត់អគ្គិភ័យរដ្ឋ Minas Gerais បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួស ប៉ុន្តែមិនបានប្រាប់ថាអ្នកទាំងនោះស្ថិតក្នុងស្ថានភាពបែបណានោះទេ។ ទីភ្នាក់ងារជាតិដឹកជញ្ជូនផ្លូវគោករបស់ប្រទេស (ANTT) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងនោះមិនមានចុះបញ្ជី និងខ្វះការអនុញ្ញាតក្នុងការដឹកជញ្ជូនអ្នកដំណើររវាងរដ្ឋផងដែរ៕

