កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានសងសឹកបានសម្រេច ដោយយកឈ្នះកីឡាករលំដាប់លេខ ១ ពិភពលោក Carlos Alcaraz នៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯកពានរង្វាន់ Cincinnati Open។
កីឡាករអេស្ប៉ាញ Carlos Alcaraz ដែលយកឈ្នះ Djokovic នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon ខែមុននោះ មើលទៅ ហាក់បន្តជ័យជំនះរបស់ខ្លួនលើកីឡាករស៊ែបក្រោយយកឈ្នះសិតដំបូង ៧-៥។
តែកំហុសជាច្រើនរបស់ Alcaraz នៅសិតបន្ទាប់ក៏បានបណ្តោយឱ្យ Djokovic វាយបកយកឈ្នះវិញសិតទីពីរ ៧-៦(៩-៧) ពោលគឺខ្វះតែមួយបាល់ទៀត Alcaraz អាចឈ្នះសិតនេះទៅហើយ តែ Djokovic អាចសង្គ្រោះពិន្ទុ Match Point របស់ Alcaraz បាន មុនបន្តយកឈ្នះសិតកាត់សេចក្តី ៧-៦(៧-៤) ដើម្បីយកឈ្នះការប្រកួតនេះដោយប្រើពេលសរុប ៣ ម៉ោង ៤៩ នាទី។
បូកបន្ថែមជើងឯកនៅ Cincinnati Open នេះមួយទៀត Djokovic នៅពេលនេះបានពន្លាតកំណត់ត្រាឈ្នះជើងឯកនៅក្របខណ្ឌ ATP Masters ច្រើនគេសរុប ៣៩ លើកក្នុងអាជីព និងជាពានរង្វាន់សរុបក្នុងអាជីពលើកទី ៩៥៕ អត្ថបទ៖នាង សុភាវុធ