កីឡាការិនីវាយកូនបាល់វ័យក្មេងអាមេរិក Coco Gauff ដណ្តើមបានសមិទ្ធផលធំបំផុតក្នុងអាជីពរបស់ខ្លួនក្រោយ គ្រងជើងឯកពានរង្វាន់ Cincinnati Open លើទឹកដីរបស់ខ្លួន តាមរយៈជ័យជំនះលើកីឡាការនីឆែក Karolina Muchova នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានយកឈ្នះកីឡាការិនីលេខ ១ ពិភពលោក Iga Swiatek គួរឱ្យភ្ញាក់ផ្អើលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលបន្តយកឈ្នះ Karolina Muchova នៅវគ្គផ្តាច់ព្រ័ត្រ ៦-៣ និង ៦-៤ ទៀត។
នេះជាជើងឯកទី ៥ ក្នុងអាជីពរបស់ Coco Gauff និងជាពានទី ៣ ក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីឈ្នះជើងឯកនៅ Washington DC និង Auckland។
កីឡាការិនីវ័យក្មេងអាមេរិក Coco Gauff បានក្លាយជាកីឡាការិនីដំបូងដែលឈ្នះជើងឯកនៅក្នុងក្របខណ្ឌ WTA បីក្នុងឆ្នាំតែមួយបន្ទាប់ពី Bianchi Andreescu ដែលធ្វើបានដូចគ្នានេះនៅឆ្នាំ ២០១៩។
ជ័យជំនះនេះដែរ ក៏បានជំរុញទឹកចិត្តមោះមុតរបស់ខ្លួន និងបណ្តុះមហិច្ចតាគ្រងជើងឯក Grand Slam លើកដំបូងរបស់ខ្លួននៅ US Open ដែលនឹងចាប់ផ្តើមនៅចុងខែសីហានេះ៕ អត្ថបទ៖នាង សុភាវុធ

