ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអ្នកស្រុក បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅជិតភូមិទេសចរណ៍ Qeparoដែលបណ្តាលឲ្យដីព្រៃរាប់សិបហិចតា រងការឆាបឆេះគ្មានសល់ ហើយនិងគំរាមកំហែងដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងការដាំដំណាំដើមអូលីវ ។

កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមសេវាកម្មសង្រ្គោះបន្ទាន់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេអាចបញ្ឈប់ភ្លើងឆេះព្រៃបានហើយ ហើយក៏គ្មានសេចក្តីរាយការណ៍ពីករណីភ្លើងឆេះព្រៃទៀតនោះដែរនៅក្នុងតំបន់នោះ ។
គួរឲ្យដឹងថា ក្រុមប្រជាកសិករអាល់បានីជាច្រើន បានដុតព្រៃដើម្បីកាប់ឆ្កាយកដីចម្កាដាំដំណាំរបស់ពួកគេ ។ កាលពីខែកក្កដាកន្លងទៅ ក្រុមអាជ្ញាធរអាល់បានី បានចោទប្រកាន់មនុស្ស ១៤នាក់ ពីបទបង្កឲ្យកើតមានភ្លើងឆេះព្រៃ ។
ដោយឡែកកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ក្រុមនគរបាលអាល់បាលនី បាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងរយៈពេល ២៤ម៉ោង សម្រាប់ការបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃ ។
ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថាមិនត្រូវដុតព្រៃជាដាច់ខាតទោះបីក្នុងកាលៈទេសៈបែបណាក៏ដោយ ពីព្រោះថាសកម្មភាពបែបនេះ គឺជាបទឧក្រិដ្ឋ និងឈានទៅរកការដាក់ទោសក្រោមផ្លូវច្បាប់ ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិអាល់បានី និយាយថា ករណីភ្លើងឆេះព្រៃ ៩៥កន្លែង ត្រូវបានរាយការណ៍ថាកើតមាននៅក្នុងរយៈពេល ២សប្តាហ៍ដំបូងក្នុងខែសីហានេះ ៕

