សារព័ត៌មាន New York Times និយាយថា ចំនួនសរុបនៃទាហានអ៊ុយក្រែន និងរុស្ស៊ី ដែលត្រូវបានសម្លាប់ ឬរងរបួសក្នុងសង្គ្រាម គឺមានចំនួនជិត៥០០.០០០នាក់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមកាលពី១៨ខែមកនេះ។
អត្ថបទដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បានដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក ដែលនិយាយថាតួលេខទាហានរងគ្រោះផ្នែកយោធារបស់រុស្ស៊ីមានជិត៣០០.០០០នាក់ ដែលរាប់បញ្ចូលទាំងអ្នកស្លាប់ដល់ទៅ១២០.០០០នាក់ និងទាហានរហូតដល់១៨០.០០០នាក់បានរងរបួស។

តួលេខអ្នករងគ្រោះអ៊ុយក្រែន ត្រូវបានគេកំណត់មនុស្សស្លាប់ជិត៧០.០០០នាក់ និងរបួសដល់ទៅ ១២០.០០០នាក់។ សារព័ត៌មាននេះបានលើកឡើងពីផលលំបាកក្នុងការប៉ាន់ប្រមាណតួលេខអ្នកស្លាប់ ដោយនិយាយថា រុស្ស៊ីត្រូវបានគេជឿថា តែងតែរាប់បញ្ចូលអ្នកស្លាប់ និងរបួសក្នុងសង្គ្រាមរបស់ខ្លួន ហើយអ៊ុយក្រែនមិនបង្ហាញតួលេខផ្លូវការទេ។
សារព័ត៌មាននោះបាននិយាយទៀតថា «ការស្លាប់កាន់តែមានចំនួនកើនឡើង» នៅឆ្នាំនេះ នៅភាគខាងកើតអ៊ុយក្រែន ហើយការស្លាប់នឹងបន្តនៅក្នុងស្ថានភាពថេរ នៅពេលដែលការវាយលុករបស់អ៊ុយក្រែន កាន់តែអូសបន្លាយ។ របាយការណ៍ក៏លើកឡើងពីកង្វះខាតការថែទាំវេជ្ជសាស្រ្តភ្លាមៗ នៅជួរមុខនៃសង្គ្រាមផងដែរ៕
