នីហ្សេ ៖ មេដឹកនាំយោធាថ្មីរបស់នីហ្សេនិយាយថា ការផ្ទេរអំណាចនឹងកើតឡើងក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែបានព្រមានថា ការវាយប្រហារណាមួយលើនីហ្សេ នឹងត្រូវជួបជាមួយនឹងការតស៊ូដ៏ខ្លាំង។ លោកឧត្តមសេនីយ Abdourahamane Tiani បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «មហិច្ឆតារបស់យើង គឺមិនមែនដើម្បីរឹបអូសអំណាចនោះទេ»។ លោកបានបន្ថែមថា ការផ្ទេរអំណាចណាច នឹងមិនលើសពីរយៈពេល៣បីឆ្នាំនោះទេ។
លោក Tiani បានបន្ថែមថា «ប្រសិនបើការវាយប្រហារត្រូវបានធ្វើឡើងប្រឆាំងនឹងពួកយើង ប្រជាជននឹងគិតថា នោះមិនមែនជាការដើរកម្សាន្តនៅក្នុងឧទ្យាននោះទេ។ ប្លុក ECOWAS កំពុងត្រៀមខ្លួនដើម្បីវាយប្រហារប្រទេសនីហ្សេ ដោយបង្កើតកងទ័ពចូលឈ្លានពាន និងសហការជាមួយកងទ័ពបរទេសផងដែរ»។
ការព្រមាននេះ ធ្វើឡើងនៅពេលដែលគណៈប្រតិភូមកពីប្លុក ECOWAS បានទៅដល់ប្រទេសនីហ្សេ ដើម្បីពិភាក្សាការទូតជាមួយមេដឹកនាំរដ្ឋប្រហារ មុននឹងសម្រេចថាតើសកម្មភាពយោធា គឺជាការចាំបាច់ឬយ៉ាងណា។
គណៈប្រតិភូបានជួបជាមួយប្រធានាធិបតីនីហ្សេ ដែលត្រូវបានបណ្តេញចេញ គឺលោក Mohamed Bazoum ដែលកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅក្នុងនិវេសនដ្ឋានប្រធានាធិបតី ចាប់តាំងពីក្រុមមន្រ្តីពីកងអង្គរក្សរបស់លោក បានដណ្តើមអំណាចកាលពីថ្ងៃទី២៦ ខែកក្កដា មក។
ប្រមុខការពារជាតិប្លុក ECOWAS បានជួបប្រជុំគ្នានៅសប្តាហ៍នេះនៅទីក្រុង Accra ប្រទេសហ្គាណា ដើម្បីបញ្ជាក់ព័ត៌មានលម្អិតចុងក្រោយនៃប្រតិបត្តិការយោធាដ៏មានសក្តានុពល ក្នុងការដាក់ប្រធានាធិបតីនីហ្សេ លោក Bazoum ឲ្យកាន់អំណាចឡើងវិញ ប្រសិនបើការចរចាបរាជ័យ៕

