ចិន ៖ ធនាគារកណ្តាលចិន បានកាត់បន្ថយអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនជាលើកទី ២ក្នុងរយៈពេល ៣ខែកន្លងមកនេះ ស្របពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២របស់ពិភពលោកមួយនេះ ពិបាកងើបពីផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19 ។
ធនាគារប្រជាជនចិន(PBOC)បានបញ្ចុះអត្រាប្រាក់កម្ចីរយៈពេល ១ឆ្នាំរបស់ខ្លួនមកនៅត្រឹម ៣,៤៥ភាគរយ ពី ៣,៥៥ភាគរយ ។
ការងើបសេដ្ឋកិច្ចក្រោយការរីករាលដាលឆ្លងជំងឺ COVID-19របស់ចិន រងផលប៉ះពាល់ដោយសារវិបត្តិអចលនទ្រព្យ ការនាំចេញធ្លាក់ចុះ និងការចំណាយថ្លៃប្រើប្រាស់ទន់ខ្សោយ ។
ការកាត់បន្ថយអត្រាការប្រាក់នេះដែរ បានកើតមានក្រោយប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗដទៃទៀត នៅលើពិភពលោក បានដំឡើងអត្រាការប្រាក់ ដើម្បីដោះស្រាយវិបត្តិតម្លៃឡើងថ្លៃ ។
គួរឲ្យដឹងថា PBOC បានកាត់អត្រាប្រាក់កម្ចីរយៈពេលមួយឆ្នំារបស់ខ្លួន កាលពីខែមិថុនាកន្លងទៅ ។
ក្រុមសេដ្ឋវិទូ បានរំពឹងផងដែរថា ធនាគារកណ្តាលចិន នឹងបញ្ចុះអត្រាប្រាក់កម្ចីរយៈពេល ៥ឆ្នាំរបស់ខ្លួន គឺជាប្រាក់កម្ចីរបស់ប្រទេសមួយនេះ ដែលត្រូវបានគេរក្សាមិនឲ្យឡើង ។ ទោះបីជាយ៉ាងណាក៏ដោយ វាពុំបានផ្លាស់ប្តូរនោះទេ ពោលគឺនៅរក្សាអត្រា ៤,២ភាគរយដដែល ។
សេដ្ឋកិច្ចរបស់ចិន ពិបាកជំនះបញ្ហាធំៗជាច្រើន ដោយសារផលវិបាកពីការរីករាលដាលឆ្លងសកលជំងឺ COVID-19ដែលគេមើលឃើញពិភពលោកបិទប្រទេស ។
ដោយឡែក កាលពីសប្តាហ៍មុន បញ្ហាធ្ងន់ធ្ងរនៅក្នុងទីផ្សារអចលនទ្រព្យ បានកើតមាន ពេលដែលក្រុមហ៊ុនអចលនទ្រព្យជួបវិបត្តិខ្នាតយក្ស Evergrande បានដាក់ពាក្យការពារក្ស័យធននៅសហរដ្ឋអាមេរិក ៕

