ចិន ៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិនលោក Xi Jinpingធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងដំណើរទស្សនកិច្ចមួយមានគោលដៅពង្រឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ស្របពេលដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំង ហើយនិងបញ្ហាសេដ្ឋកិច្ចកើតមាននៅក្នុងប្រទេសរបស់លោក ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃនេះ ដែលរួមបញ្ចូលទាំងជំនួបកំពូលជាមួយក្រុមមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន BRICSនេះ គឺជាដំណើរទស្សនកិច្ចអន្តរជាតិលើទី ២របស់លោក Xiក្នុងឆ្នាំនេះ ។
មេដឹកនាំចិនរូបនេះ បានចាកចេញពីប្រទេសរបស់លោកចុងក្រោយកាលពីខែមីនា ដើម្បីជួបជាមួយមិត្តសម្លាញ់ Vladimir Putinរបស់លោកនៅក្នុងទីក្រុងម៉ូស្គូ ជាទីដែលបុរសខ្លាំងផ្តាច់ការទាំង ២ បញ្ជាក់ឡើងវិញពីយុទ្ធសាស្រ្តរបស់ពួកគេក្នុងការទប់ទល់ជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច ។
សម្រាប់លោក Xi កិច្ចប្រជុំកំពូលដោយផ្ទាល់ជាមួយក្រុមមេដឹកនាំក្រុមប្រទេស BRICS ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 តំណាងឲ្យឱកាសមួយទៀតក្នុងការជំរុញចក្ខុវិស័យរបស់ចិន ។
សូមបញ្ជាក់ថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ស្មើនឹងជាង ៤០ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបនៅលើសកលលោក ៕

