ស៊ូដង់ ៖ តម្លៃកាំភ្លើង AK-47ដែលស្ថិតនៅក្នុងចំណោមអាវុធគេស្គាល់ច្រើនបំផុតនៅក្នុងសង្រ្គាមស៊ូដង់ បានធ្លាក់ថ្លៃ ៥០ភាគរយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងទីផ្សារងងឹតនៅរដ្ឋធានី Khartoum ពោលគឺបច្ចុប្បន្នវាមានតម្លៃប្រហែល ៨៣០ដុល្លារប៉ុណ្ណោះ ក្នុង១ដើម ។
ឈ្នូញជួញដូរអាវុធជើងចាស់(ដុះស្លែ)ម្នាក់ គឺជាអ្នករួមចំណែកធ្វើឲ្យធ្លាក់ថ្លៃកាំភ្លើង AK-47ដោយសារតែទីផ្សារងងឹតបច្ចុប្បន្នសម្បូរដោយក្រុមជួញដូរអាវុធ Kalashnikov បង្កើតឡើងដោយរុស្ស៊ី ក្រោយពេលដែលប្រទេសស៊ូដង់ធ្លាក់ ក្នុងសង្រ្គាមស៊ីវិលកាលពីខែមេសាកន្លងទៅ ។
សង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បានកើតមានជារៀងរាល់ថ្ងៃនៅតាមផ្លូវនៅក្នុងទីក្រុង Khartoum និងទីក្រុង ២ផ្សេងទៀត គឺទីក្រុង Bahri និងទីក្រុង Omdurman ។
ដោយនិយាយសុំមិនបញ្ចេញឈ្មោះ បុរសម្នាក់ដែលជាទិញ និងលក់អាវុធ និយាយថា បើទោះបីជាអ្នកផ្គត់ផ្គង់អាវុធរបស់គាត់មួយចំនួនគឺជាមន្រ្តីកងទ័ពចូលនិវត្តន៍ក៏ដោយ ក៏ភាគច្រើននៃពួកគេមកពីកងកម្លាំង RSFដែរ ។
លោកបន្តថា ទាហានជាច្រើន ត្រូវបានចាប់ខ្លួន ហើយទាហានជាច្រើនទៀតត្រូវបានសម្លាប់ ហេតុដូច្នេះហើយក្រុមអ្នកផ្គត់ផ្គង់របស់ពួកយើងមានអាវុធច្រើនណាស់ ។
សាកសពរបស់ទាហាននៅរាយប៉ាយតាមដងផ្លូវក្នុងទីក្រុង Bahri ដែលកងកម្លាំងរដ្ឋាភិបាលបាត់បង់យ៉ាងធ្ងន់ធ្ងរក្រោមកណ្តាប់ដៃកងកម្លាំង RSFដែលបានគ្រប់គ្រងតំបន់ភាគច្រើននៅក្នុងទីក្រុង ក៏ដូចជាទីក្រុង Khartoum និងទីក្រុង Omdurman ៕

