ស្វីស ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃចន្ទ (ទី២១ ខែសីហា) នេះ ថា ទ្រព្យសម្បត្តិរបស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានបង្កក នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានផ្ទេរទៅកាន់ធនាគារកណ្តាលរបស់ប្រទេសស្វីសកាលពីសប្តាហ៍មុន ដើម្បីជាការប្ដូរ និងផ្ទេរទៅកាន់អ៊ីរ៉ង់។
ដោយសំអាងដល់ប្រភពពីទីផ្សាររូបិយប័ណ្ណ ដែលមិនបញ្ចេញឈ្មោះ សារព័ត៌មាន Yonhap Infomax បានរាយការណ៍ថា ធនាគារជាតិស្វីសគ្រោងនឹងប្តូរនូវទ្រព្យសម្បត្តិគិតជាតម្លៃ ៦ពាន់លានដុល្លារជាប្រាក់វ៉ុនទៅជាប្រាក់ដុល្លារ ហើយបន្ទាប់មកទៅជាប្រាក់អឺរ៉ូ នៅក្នុងទីផ្សាររូបិយប័ណ្ណ ដោយប្តូរនូវទឹកប្រាក់ប្រហែល ៣០០ពាន់លានវ៉ុន (២២៣,៨៥លានដុល្លារ) ទៅ ៤០០ពាន់លាន ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ៥សប្តាហ៍ខាងមុខ។
មន្ត្រីម្នាក់នៅក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានបដិសេធមិនបញ្ជាក់ពីរបាយការណ៍នេះទេ ដោយលើកឡើងពីផលប៉ះពាល់ផ្នែកច្បាប់ និងការទូតនៃបញ្ហានេះ។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីឲ្យពលរដ្ឋអាមេរិកចំនួន ៥នាក់ ដែលត្រូវបានឃុំខ្លួន នៅអ៊ីរ៉ង់ នឹងត្រូវបានដោះលែង ខណៈដែលទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ នៅកូរ៉េខាងត្បូង នឹងមិនត្រូវបានបង្កក និងបញ្ជូនទៅគណនី នៅប្រទេសកាតា ជាកន្លែងដែលអ៊ីរ៉ង់ អាចចូលទៅយកប្រើប្រាស់បាន។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយ កាលពីសប្តាហ៍មុនថា ទ្រព្យសម្បត្តិដែលរួចផុតពីការបង្កកនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបង្កើនផលិតកម្ម ក្នុងស្រុក៕

