ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថា មនុស្ស ៥៦៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយអ្នកជំងឺកូវីដ-១៩ចំនួន ៦៦៣នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៥៤០នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ២៨នាក់ទៀត គឺជាករណីនាំចូល។ គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្សសរុប ២៦ ៣២៩នាក់ហើយ ឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០២០ កន្លងមក។
ក្រសួងសុខាភិបាល ក៏បានប្រកាសផងដែរថា មនុស្ស ៤នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៨៣នាក់ហើយគិតចាប់តាំងពីពេលកម្ពុជា បានប្រកាសពីករណីស្លាប់ ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមក។
បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩សរុប ១៩ ០២២នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះ មានទាំងអ្នកជាសះស្បើយ ៦៦៣នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
