សិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong កាលពីថ្ងៃអាទិត្យ (ទី២០ ខែសីហា) បានសង្កត់ធ្ងន់ថា ផែនការបន្តកែប្រែភាពជាអ្នកដឹកនាំឡើងវិញរបស់ប្រទេស កំពុងដំណើរការទៅ ហើយរឿងអាស្រូវថ្មីៗពាក់ព័ន្ធនឹងឥស្សរជននយោបាយ នឹងមិនមកបង្អាក់តារាងពេលវេលារបស់លោកឡើយ។
កាលពីខែកក្កដា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់សិង្ហបុរី លោក S. Iswaran ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈដែលប្រធានសភា លោក Tan Chuan-Jin និងសមាជិកសភាមួយរូប បានលាលែងពីតំណែង ជុំវិញរឿងអាស្រូវ។
អំឡុងពេលថ្លែងសុន្ទរកថា ក្នុងពិធីជួបជុំថ្ងៃបុណ្យជាតិរបស់បុរីរដ្ឋនេះ លោកនាយករដ្ឋមន្ត្រី បានប្ដេជ្ញាដោះស្រាយករណីទាំងនោះប្រកបដោយភាពហ្មត់ចត់ និងតម្លាភាព។ ដោយរំលឹកឡើងវិញពីផែនការរបស់លោក ក្នុងការប្រគល់អំណាច នៅឆ្នាំ២០២២ ដែលត្រូវបានអាក់ខានដោយសារជំងឺរាតត្បាតកូវីដ-១៩ លោក Lee បាននិយាយថា ផែនការស្នងតំណែងរបស់លោក គឺត្រឡប់មកវិញហើយ។
លោក Lee បានបញ្ជាក់បន្ថែមថា ភារកិច្ចរបស់លោក គឺគាំទ្រដល់ក្រុមអ្នកដឹកនាំជំនាន់ទី៤ របស់ប្រទេស ហើយបានបង្ហាញពីទំនុកចិត្តរបស់លោក ចំពោះឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong ហើយលោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាជនសិង្ហបុរីគាំទ្រលោក Wong និងក្រុមអភិបាលកិច្ចរបស់លោកផងដែរ៕

