តម្លៃប្រេងបានហក់ឡើង នៅថ្ងៃចន្ទ (ទី២១ ខែសីហា) នេះ ខណៈដែលការផ្គត់ផ្គង់សកល កំពុងរឹតបន្តឹងកាន់តែខ្លាំងឡើង ដោយសារការនាំចេញទាបពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី ដែលនេះមកបន្ថែមលើកង្វល់ដែលមានស្រាប់ពីកំណើនតម្រូវការពិភពលោក ក្នុងពេលមានអត្រាការប្រាក់ខ្ពស់។
ប្រេងឆៅ Brent បានឡើងថ្លៃ ៧៥សេន គឺឡើងដល់ ៨៥,៥៥ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៣:១នាទី ម៉ោងសកល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក មានតម្លៃ ៨២,០៥ដុល្លារ ក្នុងមួយបារ៉ែល ពោលគឺឡើង ៨០សេន។ កិច្ចព្រមព្រៀង WTI ខែកញ្ញា នឹងអស់សុពលភាព នៅថ្ងៃអង្គារ (ទី២២ ខែសីហា) ស្អែកនេះ ហើយកិច្ចសន្យាទិញដូរទុកមុន បានឡើង ៧៣សេន គឺឡើងដល់ ៨១,៣៩ដុល្លារ ក្នុងមួយបារ៉ែល។
តម្លៃគោលរយៈពេល ២ខែ បានបំបែកកំណត់ត្រានៃការឡើងថ្លៃ ៧សប្ដាហ៍ជាប់ៗគ្នា កាលពីសប្តាហ៍មុន ដែលង្ហាញពីការខាតបង់ប្រចាំសប្ដាហ៍ប្រហែល ២ភាគរយ បន្ទាប់ពីប្រាក់ដុល្លារអាមេរិក បានធ្វើឲ្យកាន់តែភាពរឹងមាំលើលទ្ធភាពនៃអត្រាការប្រាក់ដែលនៅតែបន្តឡើងខ្ពស់ជាងនេះ ក្នុងរយៈពេលយូរ ដោយវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន កាន់តែមានសភាពអាក្រក់ទៅៗ បានបន្ថែមលើកង្វល់អំពីកំណើនសេដ្ឋកិច្ចក្នុងល្បឿនយឺត និងតម្រូវការប្រេង។
ដោយដកស្រង់ទិន្នន័យបឋមពីក្រុមហ៊ុនតាមដានការដឹកជញ្ជូន Kpler លោក Stefano Grasso អ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់ នៅក្រុម 8VantEdge ក្នុងប្រទេសសិង្ហបុរី បាននិយាយថា ការផ្គត់ផ្គង់កំពុងត្រូវបានរឹតបន្តឹង ដោយសារការនាំចេញប្រេងរបស់ក្រុមប្រទេសនាំប្រេងចេញ OPEC+ ត្រៀមនឹងធ្លាក់ចុះនៅខែទី២ ក្នុងខែសីហានេះ៕

