ភ្នំពេញ ៖យុវជននៃបណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី២១ ខែសីហានេះ បានចេញសេចក្តីថ្លែងការរួម ប្រកាសគាំទ្រ និងអបអរសាទរចំពោះការបើកសម័យប្រជុំរដ្ឋសភាលើកដំបូង និងលើកទី១ សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣នេះ និងបានចាត់ទុកថា ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍របស់បណ្តុំអង្គការសង្គមស៊ីវិលបញ្ជាក់ថា ប្រជាពលរដ្ឋបានតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូងរដ្ឋសភាជាតិ នីតិកាលទី៧ នៅតាមគេហដ្ឋាន និងបានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភានឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ក្រុមយុវជនសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាម្ចាស់ប្រទេស បានសម្ដែងការជឿជាក់ថា រាជរដ្ឋាភិបាលថ្មីដែលនឹងចាប់កំណើតជាផ្លូវការនាថ្ងៃទី ២២ ខែសីហា ស្អែកនេះ នឹងបន្តដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព ដែលកម្ពុជាកំពុងតែមានសព្វថ្ងៃនឹងបន្តទៅមុខទៀត។
សូមជម្រាបថា ប្រជាជនទូទាំងប្រទេសបានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាមរយៈលទ្ធផលនៃការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះដោយមានប្រជាពលរដ្ឋខ្មែរជាង ៨ លាន ២ សែននាក់បាននាំគ្នាទៅបោះឆ្នោត។ ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ជាង ៦ លាន ៣ សែនសំឡេង ខណៈគណបក្សហ៊្វុនសិនប៉ិចឈរនៅលំដាប់ទី២ទទួលបាន ៧ សែនសំឡេង៕ អត្ថបទ៖ វ៉ន ដារ៉ា

