បាល់ទាត់៖ យុវជន ហួន ប៊ុន បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការអភិវឌ្ឍខ្លួន បន្ទាប់ពីត្រូវបានលោក Conor Nestor កោះហៅចូលរួមជាមួយក្រុមធំព្រះខ័នរាជស្វាយរៀង ហើយរូបគេបានអះអាងថានឹងចំណាយពេល ១ឆ្នាំដកបទពិសោធន៍ពីរៀមច្បង និងគ្រូបង្វឹក ដើម្បីពង្រឹងសមត្ថភាពឲ្យបានគ្រប់គ្រាន់ សម្រាប់ជួយក្រុមនាឆ្នាំ២០២០។
កីឡាករមានដើមកំណើតពីខេត្តតាកែវរូបនេះរៀបរាប់ថា វាគឺជាឱកាសដ៏ល្អសម្រាប់ខ្លួន ក្រោយទទួលបានការផ្ដល់ឱកាសពីថ្នាក់ដឹកនាំ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីព។ មិនតែប៉ុណ្ណោះកីឡាករវ័យ ១៦ឆ្នាំរូបនេះក៏បានប្ដេជ្ញាចិត្ត និងខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ ដើម្បីសម្រេចគោលដៅក្នុងអាជីព ហើយឈានទៅសម្លឹងកៅអីជម្រើសជាតិផងដែរ។ គួរបញ្ជាក់ថា ហួន ប៊ុន បានស្កាត់ពីខេត្តតាកែវទៅចូលរួមហ្វឹកហាត់ ជាមួយក្រុមយុវជនថ្នាលព្រះខ័នរាជស្វាយរៀងកាលពីឆ្នាំ២០១៦។ ប៉ុន្តែដោយមើលឃើញពីសមត្ថភាព និងទេពកោសល្យដ៏ល្អរបស់កីឡាករវ័យក្មេងរូបនេះ លោក Conor Nestor ក៏បានកោះហៅរូបគេមកធ្វើតេស្ដជាមួយក្រុមធំ និងបានបញ្ចូលរូបគេជាសមាជិកថ្មីម្នាក់ សម្រាប់ត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ តែម្ដង៕
