ជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ត្រូវបានគេរំពឹងថា ជួបជាមួយអ្នកតំណាងមកពីឧស្សាហកម្មនេសាទនៅព្រឹកថ្ងៃចន្ទ ក្នុងបំណងដើម្បីស្វែងរកការយល់ដឹងពីការបញ្ចេញទឹកដែលបានពង្រាវនិងធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រនុយក្លេអ៊ែរដែលមិនដំណើរការចូលទៅក្នុងសមុទ្រ។ លោក Kishida បានចុះពិនិត្យរោងចក្រ Fukushima Daiichi កាលពីថ្ងៃអាទិត្យ ដើម្បីពិនិត្យការត្រៀមរៀបចំសម្រាប់ការបញ្ចេញទឹក។
លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកទាំងមូល នឹងធ្វើការសម្រេចចិត្តអំពីពេលវេលានៃការបញ្ចេញទឹកដោយផ្អែកលើស្ថានភាពនៃកិច្ចប្រឹងប្រែងដើម្បីធានាបានសុវត្ថិភាពនិងដោះស្រាយជាមួយព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់។
រដ្ឋាភិបាលមានផែនការពង្រាវទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីយ៉ូម។ វាមានប្រមាណ១ភាគ៧ នៃគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក សម្រាប់ទឹកទទួលទានមុនពេលបញ្ចេញទឹកនេះចូលទៅក្នុងសមុទ្រ។
ប៉ុន្តែមនុស្សជាច្រើន នៅក្នុងឧស្សាហកម្មនេសាទ នៅតែប្រឆាំងផែនការនេះ។ លោក Kishida ត្រូវបានគេរំពឹងថា ជួបជាមួយមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធជាតិ សមាគមសហករនេសាទ និងសហករនេសាទក្នុងតំបន់ នៅក្នុងខេត្ត Fukushima នៅថ្ងៃចន្ទនេះដើម្បីទទួលបានការយល់ដឹង។
លោក Kishida ត្រូវបានគេរំពឹងថា ព្យាយាមធ្វើការងារនេះ ដោយការពន្យល់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីធានាបាន សុវត្ថិភាព និងការពារកេរ្តិ៍ឈ្មោះឧស្សាហកម្មនេសាទក្នុងតំបន់។
រដ្ឋាភិបាលមានផែនការកោះប្រជុំរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនៅសប្តាហ៍នេះ ដើម្បីកំណត់កាលបរិច្ឆេទចាប់ផ្តើមនៃការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចនេះ។

