អង់គ្លេស ៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បាននិយាយ នៅថ្ងៃចន្ទ (ទី២១ ខែសីហា) នេះ ថា រដ្ឋាភិបាលរបស់លោក កំពុងពិចារណាដល់ការកែប្រែច្បាប់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គិលានុបដ្ឋាយិកាជនជាតិអង់គ្លេសឈ្មោះ Lucy Letby បានបដិសេធមិនចាកចេញពីបន្ទប់ឃុំខ្លួននាង ដើម្បីទៅចូលរួមស្ដាប់ការកាត់ទោស។
សូមបញ្ជាក់ថា អ្នកនាង Letby ត្រូវបានកាត់ទោស កាលពីថ្ងៃសុក្រ (ទី១៨ ខែសីហា) ពីបទសម្លាប់ទារកចំនួន ៧នាក់ និងព្យាយាមផ្ដាច់ជីវិត ៦នាក់ទៀត នៅឯមន្ទីរពេទ្យ ដែលនាងធ្វើការនៅភាគពាយព្យនៃប្រទេសអង់គ្លេស ដោយទង្វើនេះ បានធ្វើឲ្យក្លាយជាឃាតករសម្លាប់កុមារបន្តបន្ទាប់គ្នាដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។
ពាក់ព័ន្ធនឹងករណីនេះ លោក Sunak បាននិយាយថា គឺពិតជាកំសាកខ្លាំងណាស់ សម្រាប់អ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម ហើយមិនមកប្រឈមមុខជាមួយក្រុមគ្រួសារជនរងគ្រោះ។ លោកបានបញ្ជាក់ថា ការស៊ើបអង្កេតឯករាជ្យ នឹងត្រូវធ្វើឡើង ចំពោះស្ថានភាព នៅពីក្រោយឃាតកម្មនេះ បើទោះបីជាការសម្រេចនោះ ត្រូវបានគេរិះគន់ថា ខ្វះការស៊ើបអង្កេតជាសាធារណៈយ៉ាងពេញលេញក៏ដោយ ពោលគឺជាមធ្យោបាយតែមួយគត់ ដែលសាក្សី អាចត្រូវបានបង្ខំឲ្យផ្តល់សក្ខីកម្មក៏ថាបាន៕

