ក្រិក៖ ខ្យល់បក់បោកខ្លាំងជំរុញឲ្យអណ្តាតភ្លើងឆាបឆេះព្រៃឈើនៅទូទាំងប្រទេសក្រិកកាលពីថ្ងៃចន្ទ រួមទាំងអណ្តាតភ្លើងថ្មីៗជាង៤០កន្លែងដែលបានឆាបឆេះបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ស្របពេលអាកាសធាតុក្តៅ ស្ងួត និងខ្យល់បក់ខ្លាំង ដែលបានបឺតសំណើមពីរុក្ខជាតិ។ ជាមួយគ្នានេះ ការឆាបឆេះ ជិតមួយសប្តាហ៍ មកនេះ បានរាលដាលនៅកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ។
មន្ត្រីក្រិកបាននិយាយថា សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅតំបន់មួយនៃតំបន់ វីអូទីយ៉ា( Viotia ) ភាគកណ្តាល ក្រោមការបញ្ជាឲ្យជម្លៀសពរដ្ឋ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះទំនងជាបានស្លាប់ដោយសារឆ្លក់ផ្សែង ខណៈកំពុងព្យាយាមជួយសង្គ្រោះចៀមរបស់លោក។

ទូរទស្សន៍រដ្ឋ ERT បានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា បុរសម្នាក់ទៀតត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃដែលបានឆេះនៅតំបន់ អឺវើរ៉ូស(Evros)ភាគឦសាន ហើយក្រុមអាជ្ញាធរបាននិយាយថា អ្នកពន្លត់អគ្គិភ័យពីរនាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដោយសាររបួសពេលលកំពុងព្យាយាមពន្លត់អណ្ដាតភ្លើង នៅក្នុងតំបន់ កាវ៉ាឡា (Kavala) ភាគខាងជើង។
ក្រុមមន្ត្រីសហភាពអឺរ៉ុបបានស្តីបន្ទោសការប្រែប្រួលអាកាសធាតុចំពោះការកើនឡើងនូវភាពញឹកញាប់ និងដង់ស៊ីតេនៃភ្លើងឆេះព្រៃនៅក្នុងទ្វីបអឺរ៉ុប ដោយកត់សម្គាល់ថាឆ្នាំ ២០២២ កន្លងទៅ គឺជាឆ្នាំដ៏អាក្រក់បំផុតទីពីរសម្រាប់ការខូចខាតដោយសារចំហេះព្រៃក្នុងកំណត់ត្រាបន្ទាប់ពីឆ្នាំ២០១៧ ។
បញ្ជាឲ្យជម្លៀសត្រូវបានចេញសម្រាប់ភូមិនានាក្នុងតំបន់ភាគខាងជើងរបស់ប្រទេសក្រិក គឺ ភូមិ អាឡិចសាន់ដ្រូប៉ូលីស (Alexandroupolis) ភូមិកូម៉ូទីនី ( Komotini) ភូមិកាវ៉ាឡា ( Kavala) និងភូមិ អូរ៉េសធីយ៉ាដា (Orestiada) តំបន់ភាគកណ្តាលនៃ វី អូទីយ៉ា ( Viotia) និងកោះ អឺវីយ៉ា (Evia)។ នាយកដ្ឋានពន្លត់អគ្គិភ័យនៅទូទាំងប្រទេសត្រូវបានដាក់ការប្រុងប្រយ័ត្នជាទូទៅ៕
