ភ្នំពេញ ៖ នៅអំឡុងពេលដែលកម្ពុជា កំពុងជួបការរាតត្បាតខ្លាំងការឆ្លងមេរោគកូវីដ១៩ មានបណ្តាហាងលក់ដូរទំនិញតូចធំ ភោជនីយដ្ឋាន និងកន្លែងផ្តល់សេវាកម្មនានាទៀត គឺបានភ្ជាប់ប្រព័ន្ធ QR Code ពីបណ្តាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីទូទាត់ថវិកាទិញទំនិញ និងសេវាកម្មនានា ពីអតិថិជន។
បើតាមបណ្តាអាជីវករនៅផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៥ ខែឧសភានេះថា នៅកំឡុងពេលកម្ពុជា ជួបការរាតត្បាតខ្លាំងនៃមេរោគកូវីដ១៩ គឺមានអតិថិជនប្រមាណ៥០% ទៅ៨០% ដែលចូលទិញទំនិញ គឺមានតម្រូវការប្រើប្រាស់ទូរស័ព្ទដៃ ស្កេនប្រព័ន្ធ QR Code និងខ្លះទៀត ប្រើប្រាស់លេខគណនីធនាគារ ដើម្បីទូទាត់ថវិកាទិញទំនិញ ដោយមិនបាច់កាន់សាច់ប្រាក់រាប់ដើម្បីទូទាត់ថ្លៃទិញទំនិញនានា។
អាជីវករច្បារអំពៅ ក៏ដូចបណ្តាហាងផ្តល់សេវាកម្មម្ហូបអាហារនានាទៀត បានថ្លែងថា ការទូទាត់ថវិកាទិញទំនិញតាមរយៈការស្កេន QR CODE និងវេរលុយតាមរយៈលេខគណនីធនាគារ ដើម្បីធានាថា អាចទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ រវាងអ្នកទិញ និងអ្នកលក់ ហើយណាមួយទៀតបើទូទាត់ជាដុល្លារ គឺមិនព្រួយបារម្ភពីលុយក្លែងក្លាយទៀតផង។
សូមបញ្ជាក់ថា ប្រព័ន្ធQR Code ទូទាត់ថវិកាតាមរយៈពេលទូរសព្ទដៃ និងតាមលេខគណនីធនាគារជាដើមនោះ ជាភាគច្រើន បណ្តាមូលដ្ឋានអាជីវកម្ម ហាងលក់ទំនិញតូចធំនានា គឺបានប្រើប្រាស់ប្រព័ន្ធរបស់ធនាគារអេស៊ីលីដា អេប៊ីអេ វីង និងធនាគារស្ថាបនាជាដើម។
បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារអេស៊ីលីដា នៅស្នាក់កណ្តាល ក្នុងរាជធានីភ្នំពេញ បានអោយដឹងថា គិតមកដល់ថ្ងៃនេះ គឺមានអតិថិជនប្រើប្រាស់អេស៊ីលីដា Mobile App ភ្ជាប់ប្រព័ន្ធទូទាត់ថវិកាតាម QR Code គឺមានប្រមាណជិត២លាននាក់ ហើយបច្ចុប្បន្នមានមន្ត្រីធនាគារក៏កំពុងចុះភា្ជប់ប្រព័ន្ធនេះ ជូនបណ្តាអាជីវករ អ្នកលក់ដូរទំនិញនានាទៀត ដើម្បីរួមចំណែកទប់ស្កាត់ការចំលង និងការរាតត្បាតកូវីដ១៩ផងដែរ៕
អត្ថបទ ស៊ុម សុខជា