កេនយ៉ា៖ គណៈប្រតិភូកេនយ៉ាមួយក្រុម បានទៅដល់ប្រទេសហៃទី ហើយបាននិងកំពុងជួបជាមួយនគរបាលជាតិរបស់ប្រទេសនេះ ខណៈដែលខ្លួនវាយតម្លៃពីការដឹកនាំកម្លាំងសន្តិសុខពហុជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជួយនគរបាលប្រយុទ្ធប្រឆាំងនឹងសង្គ្រាមរបស់ក្រុមជនអន្ធពាល ដែលកំពុងកើន ឡើង។
រដ្ឋាភិបាលនៃប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ បានអំពាវនាវជាលើកដំបូងសុំជំនួយសន្តិសុខអន្តរជាតិ កាលពីខែតុលាឆ្នាំមុន។
ប្រមុខUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) ក៏បានអំពាវនាវជាយូរមកហើយឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្ររបស់ខ្លួន ហើយកាលពីខែមុននេះ ប្រទេសកេនយ៉ា បានក្លាយជាប្រទេសដំបូងដែលនិយាយថា ខ្លួនបានត្រៀមរៀបចំ ដើម្បីដឹកនាំកងកម្លាំងបែបនេះ។
ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមន្ត្រីកេនយ៉ានៅទីស្នាក់ការនគរបាល នៅទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃចន្ទ ជាទីដែលពួកគេបានជួបជាមួយលោក ហ្វ្រាន អែលបេ (Frantz Elbe) ប្រមុខនគរបាលជាតិរបស់ប្រទេសហៃទី។ ការពិភាក្សាគ្រោង នឹងបន្តនៅថ្ងៃអង្គារនេះ។
ជាមួយនឹងធនធានដ៏ខ្សត់ខ្សោយ នគរបាលរបស់ប្រទេសហៃទី បាននិងកំពុងប្រយុទ្ធជាមួយនឹងក្រុមជនអន្ធពាល ដ៏ខ្លាំងក្លាដែលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា នឹងគ្រប់គ្រងផ្នែកធំៗនៃប្រទេស ដែលជាកន្លែងអ្នកស្រុកជួបប្រទះនឹងការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរ ការសម្លាប់មនុស្សញឹកញាប់ ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទរីករាលដាលយ៉ាងខ្លាំង៕


