ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ឯកឧត្តមសូមសន្យា និងធ្វើការប្តេជ្ញា ជាឱឡារិកថា នឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យខាងតែបាន និងជោគជ័យបំផុត។

ការសន្យា និងការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៃរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះនៅវិមានរដ្ឋសភា។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិ បាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមសូមសន្យា និងធ្វើការប្តេជ្ញា ជាឱឡារិកជូនបងប្អូនជនរួម ជាតិទូទាំងប្រទេសថា ឯកឧត្តម នឹងប្តូរផ្តាច់ ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតនាពេលកន្លងទៅនេះ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាលដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈរដ្ឋសភា ជូនជនរួមជាតិ និងសាធារណៈ មតិទូទៅនាពេលនេះ គឺឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្ត ដ៏មុះមុតរបស់រាជរដ្ឋាភិ បាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុះវិស័យ និងគោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរក អនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនជាដើម៕ អត្ថបទ៖ បាន ចក់