អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទថា ការផ្តល់ឲ្យតាមសន្យា នូវយន្តហោះប្រយុទ្ធ F-16 ធ្វើឲ្យលោកជឿជាក់ថាអ៊ុយក្រែននឹងធ្វើឲ្យរុស្ស៊ីបរាជ័យ។ មនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភា ក្នុងទីក្រុង Copenhagen ( កូប៉េនហាក) ប្រទេសដាណឺម៉ាក ដើម្បីស្តាប់លោកនិយាយ។ លោកនិយាយថា មិត្តជាទីស្រលាញ់ ថ្ងៃនេះយើងជឿជាក់ថា រុស្ស៊ីនឹងចាញ់សង្គ្រាមនេះ។
ប្រទេសដាណឺម៉ាក និងហូឡង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះ F-16 ផលិតនៅអាមេរិក ជាលើកដំបូងទៅឲ្យអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការអនុញ្ញាតរបស់ខ្លួន។ យន្តហោះ៦គ្រឿងដំបូង ត្រូវបានកំណត់ពេលដឹកជញ្ជូនអំឡុងចូលឆ្នាំថ្មី។ រឿងដែលសំខាន់ គឺជាអ្វីដែលយើងត្រូវបង្ហាញជាមួយជោគជ័យរបស់យើង តាមរយៈកិច្ចសហប្រតិបត្តិការរបស់យើង អ្វីដែលអ្នកបង្ហាញ កំពុងគាំទ្រអ៊ុយក្រែន។ រួមគ្នា យើងបង្ហាញថា ជីវិតមានតម្លៃ នោះជាបញ្ហារបស់ប្រជាជន បញ្ហាសេរីភាព និងបញ្ហារបស់សហភាពអឺរ៉ុប។ រុស្ស៊ីបានព្រមានថា ការផ្គត់ផ្គង់យន្តហោះទៅឲ្យអ៊ុយក្រែន នឹងធ្វើឲ្យសង្គ្រាម ដែលបានអូសបន្លាយរយៈពេល១ឆ្នាំកន្លះមកនេះ កាន់តែរីកធំឡើង។
កងកម្លាំងទ័ពអាកាសអ៊ុយក្រែន និយាយថា យន្តហោះ មានសារៈសំខាន់ចំពោះជោគជ័យនៃការវាយបក ដែលរហូតមកដល់ពេលនេះមានសភាពយឺតយ៉ាវ ព្រោះតែខ្លួនទប់ស្កាត់យន្តហោះប្រយុទ្ធរុស្ស៊ីដែលវាយប្រហារលើកងកម្លាំងរុលទៅមុខ។ ប្រទេសដាណឺម៉ាក នឹងផ្តល់យន្តហោះសរុប១៩គ្រឿង ហើយប្រទេសហូឡង់ មានយន្តហោះហោះF-16 ចំនួន៤២គ្រឿង ប៉ុន្តែនៅមិនទាន់សម្រេចនៅឡើយថាតើត្រូវផ្តល់ឲ្យទាំអស់ឬយ៉ាងណា។ ប្រធានាធិបតីអ៊ុយក្រែន និយាយកាលពីថ្ងៃចន្ទថា ប្រទេសក្រិក នឹងជួយបណ្តុះបណ្តាលអកាសយានិកកងកម្លាំងទ័ពអាកាសអ៊ុយក្រែន ្យចេះប្រើប្រាស់យន្តហោះ F-16 ៕

