ប្រណាំងកង់៖ កីឡាករប្រណាំងកង់ជើងឯក Tour de France, Egan Bernal បានប្រជែងឈ្នះការប្រកួតដំណាក់កាលទី ១៦ នៃការប្រកួតព្រឹត្តិការណ៍ Grand Tour, Giro d’Italia ថ្ងៃចន្ទម្សិលមិញ និងបង្កើនការនាំមុខក្នុងតារាងវេលារួម។

ដំណាក់កាលទី ១៦ ដែលមានចម្ងាយផ្លូវ ១៥៣គីឡូម៉ែត្រ និងជាដំណាក់កាលដែលប្រណាំងឆ្លងកាត់ស្ថានភាពផ្លូវភ្នំ កីឡាករកូឡុំប៊ី Egan Bernal របស់ក្រុមប្រណាំង Ineos Grenadiers បានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ២២នាទី ៤១វិនាទី។ អ្នកលេខ២ ក្នុងដំណាក់កាលគឺកីឡាករបារាំង Romain Bardet របស់ក្រុម Team DSM យឺតជាង ២៧វិនាទី និងលេខ៣ ក្នុងថេរវេលាដូចគ្នាកីឡាករម្ចាស់ផ្ទះអ៊ីតាលី Damiano Caruso។ ក្រោយជ័យជំនះដំណាក់កាលទី ១៦ នេះ Egan Bernal បានពន្លាតពិន្ទុនាំមុខក្នុងតារាងរួម ដោយមានវេលាសរុប ៦៦ម៉ោង ៣៦នាទី ៤វិនាទី តាមពីក្រោយដោយ Damiano Caruso របស់ក្រុម Bahrain យឺតជាង ២នាទី ២៤វិនាទី និងលេខ៣ Hugh Carthy យឺតជាង ៣នាទី ៤០វិនាទី។
ថ្ងៃអង្គារនេះជាថ្ងៃសម្រាកមិនមានការប្រកួតឡើយ ខណៈដំណាក់កាលទី ១៧ នឹងបន្តនៅថ្ងៃស្អែកលើចម្ងាយផ្លូវ ១៩៣គីឡូម៉ែត្រ ក៏ជាដំណាក់កាលប្រណាំងលើស្ថានភាពផ្លូវភ្នំផងដែរ។ ព្រឹត្តិការណ៍ Grand Tour, Giro d’Italia នឹងបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភានៅទីក្រុង Milano៕
អត្ថបទ៖នាង សុភាវុធ