ថៃ៖ មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានត្រលប់ទៅដល់ប្រទេសវិញនៅថ្ងៃអង្គារ(២២សីហា)នេះ បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេលជាង១៥ឆ្នាំ។ ឥស្សរជនភៀសខ្លួនរូបនេះ បានរស់នៅក្រៅប្រទេសចាប់តាំងពីលោកត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦មក ខណៈពេលដែលលោកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
មហាសេដ្ឋីវ័យ៧៤ឆ្នាំរូបនេះ បាននិយាយជាយូរមកហើយថា រូបលោកចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ លើការចោទប្រកាន់ជាច្រើនពីអំពើពុករលួយ និងការរំលោភអំណាច។ លោកថា ករណីចោទប្រកាន់ទាំងនេះ មានហេតុផលនយោបាយនៅពីក្រោយ។
ពេលវេលានៃការមកដល់របស់លោក គឺត្រឹមតែប៉ុន្មានម៉ោងមុនពេលសមាជិកសភា ត្រូវកំណត់ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយការវិលត្រឡប់របស់លោកនេះ ជាពេលវេលាដ៏សំខាន់នៅក្នុងនយោបាយថៃ។
លោកស្រី Aim Sinpeng សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយប្រៀបធៀបនៅសកលវិទ្យាល័យ ស៊ីដនី បាននិយាយថា «ខ្ញុំគិតថា ដំណើរវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន នឹងក្លាយជាទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងប្រទេសថៃ»៕

