តៃវ៉ាន់៖ អាជ្ញាធរកោះតៃវ៉ាន់ បានស្នើសុំថវិកា ការពារជាតិច្រើនសម្រាប់ឆ្នាំ២០២៤ ជាសរុបជាង៦០០ពាន់លានដុល្លារតៃវ៉ាន់ថ្មី ឬប្រមាណ១៩ពាន់លានដុល្លារអាមេរិក ខណៈប្រទេសចិន បង្កើនសម្ពាធយោធា។
មេដឹកនាំលោកស្រី Tsai Ing-wen ត្រូវបានរាយការណ៍សង្ខេបស្តីពីសំណើកាលពីថ្ងៃចន្ទ ដោយក្រុមមន្ត្រីមកពីគណរដ្ឋមន្ត្រី។ ថវិកាដែលបានស្នើមានចំនួន៦០៦.៨ បាន់លានដុល្លារតៃវ៉ាន់ថ្មី កើនឡើង៤,៥ ភាគរយពីឆ្នាំបច្ចុប្បន្ន។ វារួមមានទាំងថវិកាពិសេស ដែលអ្នកវិភាគជឿថា នឹងត្រូវបានចំណាយលើការផ្គត់ផ្គង់យន្តហោះប្រយុទ្ធ F-16V ទំនើប និងមីស៊ីលដែលផលិតច្រើន និងយុទ្ធោបករណ៍ផ្សេងទៀត។
ប្រសិនបើត្រូវបានអនុម័ត វានឹងជាលើកដំបូងដែលការចំណាយផ្នែកការពារជាតិ កើនដល់៦០០ពាន់លានដុល្លារតៃវ៉ាន់ថ្មី។ លោកស្រី Tsai និយាយថា វាមានចំនួន២.៥ភាគរយនៃផលិតផលក្នុងស្រុបសរុបរបស់កោះតៃវ៉ាន់។ ការរិយាល័យមេដឹកនាំកោះតៃវ៉ាន់ បានចេញផ្សាយវីដេអូបង្ហាញពីលោកស្រី Tsai កំពុងត្រូវបានគេរាយការសង្ខេបស្តីពីថវិកាដែលបានស្នើឡើង។ លោកស្រី និយាយថាកោះតៃវ៉ាន់ត្រូវតែបន្តពង្រឹងសមត្ថភាពស្វ័យការពាររបស់ខ្លួន និងបង្ហាញពីការប្តេជ្ញាចិត្តសម្រាប់ស្វ័យការពារ ដើម្បីធានាបានសន្តិសុខ និងផលប្រយោជន៍របស់ខ្លួន និងទទួលបានការគាំទ្រពីអន្តរជាតិបន្ថែមទៀត។ បន្ទុកលើកងកម្លាំងយោធាកោះតៃវ៉ាន់កំពុងកើនឡើង ខណៈពួកគេ រៀបចំយន្តហោះបន្ទាន់ និងមានវិធានការផ្សេងៗក្នុងការឆ្លើយតបចំពោះសម្ពាធដែលចេះតែកើនឡើងពីយោធាចិន។
កងកម្លាំងប្រទេសចិនកំពុងបង្កើនសកម្មភាពរួមមានទាំងយន្តហោះ និងនាវា នៅជុំវិញកោះតៃវ៉ាន់។ កាលពីសប្តាហ៍មុនក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថាក្រសួងនឹងបង្កើនការចំណាយរបស់ខ្លួន លើប្រេងឥន្ធនៈនៅឆ្នាំក្រោយប្រមាណ៥០ភាគរយ ពីឆ្នាំ២០២៣៕

