អេក្វាឌ័រ៖ការបោះឆ្នោតប្រជាមតិរបស់អេក្វាឌ័រ ក្នុងការហាមឃាត់ការខួងយកប្រេងនៅក្នុងផ្នែកមួយនៃតំបន់ព្រៃបម្រុងអាម៉ាហ្ស៊ូន និងការជីកយករ៉ែនៅក្នុងព្រៃនៅខាងក្រៅរដ្ឋធានីគីតូ ទទួលបានការគាំទ្រយ៉ាងងាយស្រួល ដោយបានទាក់ទាញការអបអរសាទរពីបណ្ដាមេដឹកនាំជនជាតិដើមភាគតិច និងអ្នកបរិស្ថាន កាលពីថ្ងៃច័ន្ទ (២១ សីហា) បើទោះបីជាមានការព្រមានពីក្រុមហ៊ុនខួងប្រេង និងធ្វើអាជីវកម្មរ៉ែ អំពីការបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារក៏ដោយ។
ការហាមប្រាមលើការអភិវឌ្ឍន៍ប្រេងនៅក្នុងផ្នែកតំបន់អភិរក្សនៃឧទ្យានជាតិ Yasuni នៅព្រៃអាម៉ាហ្ស៊ូន បានអនុម័តដោយមានការយល់ព្រមក្រោម៥៩%ប៉ុណ្ណោះ ដោយការរាប់សន្លឹកបោះឆ្នោតស្ទើរតែទាំងអស់ ជិតរួចរាល់។ ការហាមឃាត់ការជីកយករ៉ែនៅក្នុងព្រៃ Choco Andino នៅជិតរដ្ឋធានីគីតូ ប្រទេសអេក្វាឌ័រ មានការគាំទ្រចំនួន៦៨%។
ការបោះឆ្នោតឧទ្យានជាតិ Yasuni ដែលផ្តល់ឱ្យក្រុមហ៊ុនប្រេងរដ្ឋ Petroecuador រយៈពេលមួយឆ្នាំដើម្បីបិទផលិតកម្មនៅក្នុងប្លុក 43-ITT នៃឧទ្យាននេះ ត្រូវបានកំណត់ថានឹងធ្វើឱ្យបាត់បង់ប្រហែល១២% នៃទិន្នផលប្រេងឆៅចំនួន៤៨០.០០០បារ៉ែលក្នុងមួយថ្ងៃ របស់ប្រទេសអេក្វាឌ័រ។ ក្រុមហ៊ុន Petroecuador បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួននឹងអនុវត្តសកម្មភាពចាំបាច់ដើម្បីអនុវត្តតាមការសម្រេចរបស់អ្នកបោះឆ្នោត៕

