ថៃ៖ លោក សេដ្ឋា ថាវីស៊ីន ដែលជាមហាសេដ្ឋីអចលនទ្រព្យមកពីគណបក្សភឿថៃ នឹងក្លាយជាបេក្ខជនតែមួយគត់ដើម្បីប្រឈមមុខនឹងការបោះឆ្នោតនៅក្នុងកិច្ចប្រជុំរួមទ្វេសភារបស់ប្រទេសថៃនៅថ្ងៃអង្គារ(២២សីហា)នេះ។
បុរសវ័យ៦០ឆ្នាំ មានកម្ពស់១,៩១ម៉ែត្រ និងជាអ្នកនយោបាយមុខថ្មី ព្រមទាំងជាអ្នកគាំទ្រកីឡាបាល់ទាត់រូបនេះ មានការគាំទ្រពីសមាជិកសភាចំនួន៣១៤អសនៈនៅក្នុងសភាជាន់ទាប ប៉ុន្តែត្រូវការសំឡេងងបន្ថែមចំនួន៥៨អសនៈទៀត ដើម្បីធានាបាននូវតំណែងនាយករដ្ឋមន្រ្តីនេះ។
ដោយកើតនៅឆ្នាំ១៩៦៣ លោក សេដ្ឋា បានបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិលពីសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) ទីក្រុងបាងកក និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាលា Claremont Graduate School នៅសហរដ្ឋអាមេរិក។
លោក ធ្លាប់មានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri ដែលជាអាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យរបស់គ្រួសារលោក ហើយបច្ចុប្បន្នមានតម្លៃប្រហែល៨៨០លានដុល្លារនៅលើទីផ្សារហ៊ុនថៃ រហូតដល់លោកបានចុះចេញពីតំណែងកាលពីខែមេសាឆ្នាំនេះ នៅមុនការបោះឆ្នោតសកល។
ក្រោយពីការបង្ហាញខ្លួនក្នុងឆាកនយោបាយដំបូងរបស់ខ្លួន លោក សេដ្ឋា បានប្រាប់សារព័ត៌មានដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយថា មូលហេតុដែលនាំលោកឲ្យចូលប្រឡូកក្នុងនយោបាយ គឺដោយសារភាពអស់សង្ឃឹមចំពោះស្ថានភាពនៅក្នុងប្រទេសថៃ៕

