អាមេរិក៖អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលខ្លួននៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ នៅទីក្រុងអាត្លង់តា ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ខ្លួននៅរដ្ឋ Georgia លើបទចោទប្រកាន់ដែលលោកបានព្យាយាមដង្វែរបោះឆ្នោតឆ្នាំ២០២០ នេះបើយោងតាមលោក ត្រាំ ដែលបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ។
លោក ត្រាំ ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ខាងមុខនេះ បាននិយាយនៅលើបណ្ដាញសង្គម Truth Social របស់ខ្លួនថា «ខ្ញុំនឹងទៅទីក្រុងអាត្លង់តា រដ្ឋ Georgia នៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ ដើម្បីចូលខ្លួន»។ លោកបានពណ៌នាការចោទប្រកាន់នេះថា ជាកិច្ចខិតខំប្រឹងប្រែងដែលមានហេតុផលនយោបាយនៅពីក្រោយ ដើម្បីបង្អាក់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក។
នៅមុននេះ សារព័ត៌មាន CNN បានរាយការណ៍ថា លោក ត្រាំ គ្រោងនឹងបញ្ជូនខ្លួនឯងទៅពន្ធនាគារសហព័ន្ធ Fulton ក្នុងទីក្រុងអាត្លង់តា នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ កាលបរិច្ឆេទនេះត្រូវបានកំណត់ក្នុងអំឡុងពេលការចរចារវាងមេធាវីរបស់លោក ត្រាំ និងការិយាល័យមេធាវីសហព័ន្ធ Fulton កាលពីថ្ងៃចន្ទ ជុំវិញលក្ខខណ្ឌនៃការយល់ព្រមឲ្យមានការធានា និងការដោះលែងរបស់លោក ត្រាំ នេះបើយោងតាមសារព័ត៌មាន CNN ។
នៅក្នុងការចោទប្រកាន់នៅរដ្ឋ Georgia មានកម្រាស់៩៨ទំព័រ ដែលបានបង្ហាញកាលពីសប្តាហ៍មុន បានឲ្យដឹងថា លោកត្រាំ និងចុងចោទ១៨នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋសរុបចំនួន៤១ករណី ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរការបរាជ័យរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតរដ្ឋឆ្នាំ២០២០៕
