មូស្គូ៖ ការប្រកួតប្រជែងដើម្បីរុករក និងអភិវឌ្ឍធនធានរបស់ថានព្រះច័ន្ទបានចាប់ផ្តើមហើយ ហើយរុស្ស៊ីត្រូវតែនៅតែជាអ្នកនាំមុខសកម្ម ទោះបីជាបានបរាជ័យក្នុងបេសកកម្មព្រះចន្ទលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំក៏ដោយ នេះបើយោងតាមប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roskosmos បាននិយាយកាលពីថ្ងៃចន្ទ (២១ សីហា) ។
យានអវកាស Luna-25 របស់រុស្សីបានវិលចេញពីការគ្រប់គ្រង និងធ្លាក់ចូលទៅក្នុងឋានព្រះចន្ទកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហាក្នុងការរៀបចំសម្រាប់ត្រៀមចុះចតនៅក្នុងគន្លង ដោយបញ្ជាក់ពីការធ្លាក់ចុះសម័យក្រោយសូវៀត នៃកម្មវិធីអវកាសដែលធ្លាប់តែខ្លាំងក្លាមួយ។ ប្រធានទីភ្នាក់ងារ Roskosmos លោក Yury Borisov ដែលហាក់ដូចជាមានការខកចិត្តក្នុងអំឡុងពេលសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍រដ្ឋ Russia-24 បាននិយាយថា បេសកម្មអាវកាសស្ថិតនៅក្នុងផលប្រយោជន៍ជាតិដ៏សំខាន់របស់រុស្ស៊ី ក្នុងការបន្តប្តេជ្ញាចិត្តចំពោះការរុករកឋានព្រះចន្ទ។
រុស្ស៊ីបាននិយាយថា ខ្លួននឹងចាប់ផ្តើមបេសកកម្មព្រះចន្ទបន្ថែមទៀត ហើយបន្ទាប់ស្វែងរកលទ្ធភាពនៃបេសកកម្មគ្រប់គ្រងដោយអវកាសយានិករួមរុស្ស៊ី-ចិន និងសូម្បីតែបង្កើតមូលដ្ឋានព្រះចន្ទ។ អង្គការ ណាសា បាននិយាយអំពី «ការប្រញាប់ប្រញាល់ស្វែងរកមាសនៅឋានព្រះចន្ទ» និងស្វែងរកសក្តានុពលនៃការជីកយករ៉ែនៅលើព្រះចន្ទ របស់រុស្ស៊ី។
សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២០ បានប្រកាសកិច្ចព្រមព្រៀង Artemis ដោយដាក់ឈ្មោះតាមកម្មវិធីស្រាវជ្រាវព្រះចន្ទ Artemisរបស់អង្គការណាសា ដើម្បីស្វែងរកការកសាងច្បាប់អវកាសអន្តរជាតិដែលមានស្រាប់ដោយបង្កើត «តំបន់សុវត្ថិភាព» នៅលើព្រះចន្ទ ហើយរុស្ស៊ី និងចិនមិនបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ៕


