ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរឥស្លាម បានបង្ហាញនូវការគាំទ្រចំពោះឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមជឿជាក់ថា ឯកឧត្តមបណ្ឌិត នឹងបន្តដឹកនាំប្រទេសជាតិ ឲ្យមានភាពសុខដុម ដូចការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។
ក្រុមគណៈជាន់ខ្ពស់ នៃសហគមន៍ខ្មែរឥស្លាម រស់នៅភូមិគីឡូម៉ែត្រលេខ៨ ស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវ បានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមណាស់ ក្នុងការធ្វើជានាយក រដ្ឋមន្ត្រីរបស់កម្ពុជា ព្រោះឯកឧត្តម មានចំណេះដឹងខ្ពង់ខ្ពស់ មានសមត្ថភាព មានប្រជាប្រិយភាព និងមាន ភាពជាអ្នកដឹកនាំ ។
ពួកគេបានបន្តថា មួយវិញទៀត កាលមិនទាន់ឡើងជានាយករដ្ឋមន្ត្រី ឯកឧត្តម បានបង្ហាញនូវ សកម្មភាពជាច្រើន ក្នុងការដឹកនាំស្ថាប័ន ក៏ដូចជាការចូលរួមកម្មវិធីនានា ជាពិសេសសម្រាប់កម្មវិធី នៃ សហគមន៍ខ្មែរឥស្លាម បានចូលរួមដោយគ្មានការរើសអើង ដែលនេះបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសជាតិ កាន់តែមានភាពរីកចម្រើន ហើយពលរដ្ឋរស់នៅប្រកបដោយភាពសុខដុម ។
ពលរដ្ឋខ្មែរឥស្លាម ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តផ្ដល់នូវក្របខណ្ឌគ្រូបង្រៀន ជូនគ្រូបង្រៀនខ្មែរឥស្លាម ក៏ដូចជាអនុញ្ញាតឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌមន្ត្រីរាជការ តាមក្រសួងស្ថាប័ននានាផងដែរ ជាមួយ នឹងការផ្ដល់នូវសិទ្ធិគោរប្រតិបត្តិតាមសាសនា បានតាមប្រក្រតី ៕អត្ថបទ៖ បាន សុខរិទ្ធិ