UN៖ អ្នកនាំពាក្យUN បាននិយាយកាលពីថ្ងៃចន្ទថា ប្រមុខកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានជំរុញបេសកកម្មនៅក្នុងប្រទេសម៉ាលីឲ្យផ្ទេរភារកិច្ចទៅឲ្យអាជ្ញាធរ និងដៃគូឲ្យបានឆាប់រហ័សសម្រាប់ការដកខ្លួនចេញពីប្រទេសនេះដោយសុវត្ថិភាព។
លោក ស្ទេហ្វែន ឌូចារិក ( Stephane Dujarric) ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្លែងថា៖«លោក ហ្សង់ព្យែរ ឡាកគ្រ័រ (Jean-Pierre Lacroix) បានបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសនេះ បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអន្តរកាល រួមទាំងនាយករដ្ឋមន្ត្រី លោក ចូហ្គែល កូកាឡា ម៉ៃហ្គា (Choguel Kokalla Maiga) នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកឡាគ្រ័រ (Lacroix)។
លោក ឌូចារិក បាននិយាយថា លោកឡាក្រូអ៊ីក បានពិភាក្សាអំពីមេរៀនដែលបានរៀនក្នុងអំឡុង ដំណាក់កាលទី១នៃការដកខ្លួនចេញរបស់បេសកកម្មនេះដែលរំពឹងថា នឹងត្រូវបញ្ចប់នៅចុងខែនេះ។
កងរក្សាសន្តិភាពបានរាយការណ៍ថា កាលពីសប្តាហ៍មុន សមាជិកនៃបេសកកម្មដែលគេស្គាល់ថា បេសកកម្មរក្សាស្ថិរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី(MINUSMA) បានដកចេញពីមូលដ្ឋានតូចៗមួយចំនួនរបស់ពួកគេ នៅក្នុងតំបន់Timbuktu ភាគខាងជើង៕

