តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសថា មនុស្ស ៤៩នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាកម្មករកម្មការិនី រោងចក្រសាន់បូរ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា កម្មការិនីរោងចក្រសាន់បូរចំនួន ៣៥នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ខណៈអាជីវករផ្សារសំរោងយ៉ោងចំនួន ៧នាក់ទៀត ក៏ត្រូវបានរកឃើញឆ្លងមេរោគនេះផងដែរ។
ក្រៅពីនេះ ករណីឆ្លងមេរោគកូវីដ-១៩នេះក៏ត្រូវបានរកឃើញលើកុមារម្នាក់អាយុ ១០ឆ្នាំ កម្មករក្បឿង ២នាក់ អ្នកលក់បុកល្ហុង ២នាក់ និងបុរសម្នាក់អាយុ ៥១ឆ្នាំជាអ្នករត់តាក់ស៊ីភ្នំពេញ-ព្រះសីហនុ។
អាជីវករជាច្រើននាក់ នៅផ្សារសំរោងយ៉ោង ស្ថិតក្នុងស្រុកបាទី ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ជាបន្តបន្ទាប់ រហូតអាជ្ញាធរត្រូវសម្រេចផ្អាកដំណើរការផ្សារមួយនេះ ហើយប្រមូលសំណាកពីអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ទៅពិនិត្យរកមេរោគ។
ចំណែកឯរោងចក្រសាន់បូរវិញ ក៏បានរកឃើញករណីឆ្លងក្នុងចំណោមកម្មករកម្មការិនីជាច្រើនផងដែរ ដែលជំរុញឱ្យផ្អាកដំណើរការតាមផ្នែកខ្លះនៃរោងចក្រនេះផងដែរ៕
