បារាំង៖ កាលពីរសៀលថ្ងៃច័ន្ទ (២១ សីហា) ប្រទេសបារាំង បានចេញការជូនដំណឹងពណ៌ក្រហម ដែលជាការព្រមានដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន សម្រាប់តំបន់ភាគខាងត្បូងចំនួន៤ ស្របពេលមានអាកាសធាតុក្តៅខ្លាំង ដែលបណ្ដាលឱ្យក្រុមអាជ្ញាធរក្នុងតំបន់ផ្អាកព្រឹត្តិការណ៍សង្គម និងបិទកន្លែងសាធារណៈប្រសិនបើចាំបាច់។
កាលពីព្រឹកថ្ងៃច័ន្ទ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបារាំង Meteo France (មេតេអូ ហ្វ្រង់) បានចេញការជូនដំណឹងពណ៌លឿងទុំ សម្រាប់ពាក់តំបន់កណ្តាលនៃទឹកដីរបស់ប្រទេសនេះ ដោយនិយាយថាសីតុណ្ហភាពនឹងឡើងដល់ចន្លោះពី៣៥អង្សាសេ ទៅ៣៨អង្សាសេ នៅក្នុងនាយកដ្ឋានភាគច្រើននៃតំបន់រងផលប៉ះពាល់។
ទីក្រុង Vinsobres (វ៉ាំង សូប្រឹស) ភាគខាងត្បូងបានឡើងកម្តៅខ្លាំង ខណៈដែលទីក្រុងនេះបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតគឺកម្រិត៤២អង្សាសេ។ ទីក្រុង Perpignan និងទីក្រុង Toulouse ក៏ទទួលការវាយប្រហារពីកម្ដៅផងដែរ ខណៈសីតុណ្ហភាពកើនឡើងដល់៣៩អង្សាសេ។
ដោយថ្លែងតាមទូរទស្សន៍ BFM កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Aurelien Rousseau (អូរ៉ែលីយាំង រូសូ) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអាកាសធាតុក្តៅ ដែលអាចអូសបន្លាយរហូតដល់ចុងសប្តាហ៍ ហើយបានណែនាំដល់ក្រុមមនុស្សងាយរងគ្រោះ ឱ្យអនុវត្តតាមវិធានការបង្ការ ដើម្បីចៀសវាងការចូលមន្ទីរពេទ្យ៕


