ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាលថ្មី និងណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តជំរុញការអនុវត្ត និងអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ និងណែនាំបែបនេះ ក្នុងពេលសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា។
សម្ដេចតេជោ បានមានប្រសាសន៍ថា អភិក្រមទាំង៥នេះ គឺសម្ដេចបង្កើតឡើងក្នុងគោលបំណងពង្រីងការអនុវត្តការងាររបស់មន្ដ្រីរាជការឱ្យមានប្រសិទ្ធខ្ពស់ ចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល និងដាក់ទោសទណ្ឌដល់មន្រ្ដីអសកម្ម និងខូចខិលនានាក្នុងពេលអនុវត្តតួនាទីក្នុងជួររាជរដ្ឋាភិបាល។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់មូលហេតុដែលសម្ដេចត្រូវចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីនៃកម្ពុជានាពេលនេះ គឺជាពេលវេលាសមល្មម និងដល់ពេលវេលាដែលត្រូវចាកចេញ ដើម្បីឱ្យអ្នកដឹកនាំជំនាន់ក្រោយដឹកនាំប្រទេសកម្ពុជា ខណៈពេលនេះសម្ដេចតេជោ ក៏បានក្លាយទៅជាឪពុករបស់នាយករដ្ឋមន្រ្ដីថ្មីជាផ្លូវការ គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលរដ្ឋសភាជាតិទើបអនុម័តផ្ដល់សេចក្ដីទុកចិត្តនាព្រឹកនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា