កូរ៉េខាងជើង៖ ទូរទស្សន៍រដ្ឋ KRT បានរាយការណ៍នៅថ្ងៃអង្គារ (២២ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅពិនិត្យតំបន់ដែលរងការខូចខាតដោយទឹកជំនន់ក្នុងទីក្រុងកំពង់ផែ Nampho និងបានរិះគន់បណ្ដាមន្ត្រីជាន់ខ្ពស់ ជុំវិញកង្វះការត្រៀមខ្លួន និងការឆ្លើយតបមិនល្អ ចំពោះការខូចខាតទឹកជំនន់។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសផ្តាច់ខ្លួនពីគេមួយនេះ។
នៅក្នុងវីដេអូដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ KRT លោក Kim និងមន្ត្រីត្រូវបានគេមើលឃើញថាកំពុងសម្លឹងមើលជុំវិញទំនប់ដែលបាក់រលំ និងវាលស្រែដែលលិចទឹកកាលពីថ្ងៃចន្ទ (ថ្ងៃទី 21 ខែសីហា)។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ផ្ទៃដីជាង៥៦០ហិចតា រួមទាំងផ្ទៃដីដាំស្រូវជាង២៧០ហិចតា ត្រូវបានជន់លិច បន្ទាប់ពីទំនប់ទឹកមួយត្រូវបានបាក់ដោយទឹកសមុទ្រ ដោយសារតែការស្ថាបនារចនាសម្ព័ន្ធលូនៅតំបន់ Ansok មិនល្អ។
ទីភ្នាក់ងារ KCNA បានបន្ថែមថា ក្នុងអំឡុងដំណើរចុះពិនិត្យនោះ លោក គីម បានស្តីបន្ទោសគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក គីម តុកហ៊ុន (Kim Tok Hun) ហើយបាននិយាយថា ការខូចខាតនេះមិនមែនជាគ្រោះមហន្តរាយធម្មជាតិទេ ប៉ុន្តែជាគ្រោះមហន្តរាយរបស់មនុស្ស ដែលបណ្តាលមកពីការមិនទទួលខុសត្រូវ និងការមិនគោរពវិន័យ៕

