ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបន្តឧបត្ថម្ភដល់កន្លែងកុមារកំព្រា និងសាកលវិទ្យាល័យនានា ដែលសម្ដេចធ្លាប់បានឧបត្ថម្ភដដែល បើទោះបីជាសម្ដេចលែងកាន់តំណែងជានាយករដ្ឋមន្រ្ដីរបស់ប្រទេសកម្ពុជាទៀតក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភាថា បើទោះបីជាសម្ដេចលែងកាន់តំណែងជានាយករដ្ឋមន្រ្ដី ក៏ប៉ុន្ដែសម្ដេចនៅតែធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តធ្វើកិច្ចការងារផ្នែកនយោបាយដដែល ជាមួយគ្នានេះភរិយារបស់សម្ដេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែរ។
សូមរម្លឹកថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជាក្នុងអាណត្តិកន្លងមក សម្ដេចតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនូវទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា ដើម្បីផ្ដល់ការបត្ថម្ភ គាំទ្រដល់ជីវភាពរស់នៅ និងការសិក្សារៀនសូត្ររបស់ពួកគេ ក្នុងនោះមានយុវជនមួយចំនួនក៏កំពុងក្លាយជាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា