ជប៉ុន៖ ប្រជាជននៅទីក្រុងតូក្យូមានប្រតិកម្មផ្សេងគ្នា ដោយអ្នកខ្លះបានសម្តែងការគាំទ្រ បន្ទាប់ពីប្រទេសជប៉ុនបាននិយាយនៅថ្ងៃអង្គារ (២២ សីហា) នេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាងមួយលានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានបំផ្លាញ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយដាក់ចូលទៅក្នុងផែនការដែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។
ការបង្ហូរទឹក ដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ (២៤ សីហា) ខាងមុខនេះ ដោយប្រទេសជប៉ុននិយាយថាមានសុវត្ថិភាព ក៏បានប្រឈមមុខនឹងការរិះគន់ពីក្រុមនេសាទក្នុងស្រុកដែលភ័យខ្លាចការបំពុលសមុទ្រ និងការគំរាមកំហែងដល់ជីវភាពរបស់ពួកគេ។
ទន្ទឹមនឹងនេះដែរ ក្រុមបាតុកររាប់សិបនាក់បានឈរនៅមុខការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃអង្គារនេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការបញ្ចេញទឹកមួយនេះផងដែរ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា វាបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថាន គឺមានតិចតួចប៉ុណ្ណោះ៕

