ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងមានភាពរហ័សរហួនក្នុងការដឹកនាំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឈានទៅដល់គោលដៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់តែម្ដង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភាថា រាជរដ្ឋាភិបាលថ្មីដែលមានគណៈរដ្ឋមន្រ្ដីដែលជាថ្នាក់ដឹកនាំវ័យក្មេង និងមានសមត្ថភាព គឺមានលទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជាសម្រេចបានចំពោះកិច្ចការដែលនៅសេសសល់ និងបន្តបំពេញកិច្ចការងារថ្មីៗបន្ថែមទៀត ដែលនេះគឺជាអម្រែករបស់ថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៧នេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការយល់ដឹងរបស់គណៈរដ្ឋមន្រ្ដីថ្មី គឺមានចំណេះដឹងខ្ពស់ ដែលអាចដឹកនាំគោនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាឱ្យមានល្បឿនលឿនឈានទៅមុខសម្រេចដល់គោលដៅដែលជាយុទ្ធសាស្រ្ដ និងគោលនយោបាយជាតិដែលបានកំណត់៕អត្ថបទ៖វ៉ន ដារ៉ា
