ភ្នំពេញ៖ លោក ហេង សួរ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាក្រសួងអាណាព្យាបាលកម្មករ ពលករដែលមានបញ្ហារស៊ើបខ្លាំងគ្រាន់បើដែរ។ តើលោកគឺជានរណា? ហើយផ្តើមការងារចេញពីណាមកទើបរដ្ឋាភិបាលឱ្យកាន់តំណែងកំពូលនេះ?

ជាកូនអ្នកទីក្រុងភ្នំពេញមានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតា លោកគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ដែលភាគច្រើនជាពាណិជ្ជករ។ លោកកើតនៅថ្ងៃទី១ ខែកញ្ញាឆ្នាំ១៩៧៥ ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ លោកគឺជាឪពុកដែលមានកូនចំនួន៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាលោកគឺជាម្ចាស់ជំនួញអចលនទ្រព្យ និងសណ្ឋាគារ។ ហើយលោកក៏មានម្តាយនៅមានប្រជននៅឡើយ។
ជីវិតការងារដែលផ្តើមចេញពីអ្នកតូចតាច


ឥស្សរជននយោបាយសម្បុរស សក់ត្រង់ស្លូតរូបនេះ ដែលកំពុងអង្គុយតំណែងរដ្ឋមន្ត្រីក្រសួងការងារនេះ តាមពិតក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។ តាមឯកសារដែលរកបានពីគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាំងពីឆ្នាំ១៩៩៩ធ្វើការបាន៦ឆ្នាំលោកបានផ្លាស់ទៅកាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាទីធ្វើឱ្យលោកក្លាយជានាហ្មឺនផុតលេខក្នុងក្រសួងដល់សព្វថ្ងៃ។ ៣ក្រោយការផ្លាស់ប្តូរពោលគឺនៅឆ្នាំ២០០៨ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងការងារក្នុងសម័យលោក អ៊ិត សំហេងជារដ្ឋមន្ត្រី។ ក្រោយបំពេញការងារបាន៨ឆ្នាំលោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ហើយ១ឆ្នាំក្រោយមកនៅឆ្នាំ២០១៨ លោកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មុនក្លាយជារដ្ឋមន្ត្រីក្រសួងនៅអាណត្តិទី៧នេះ។

ឯកសាររបស់គណបក្សប្រជាជនដដែលបានគូសបញ្ជាក់ថា លោកហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូងនៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ១៩៩៤ លោកជានិស្សិតបានទទួលអាហាររូបករណ៍ផ្នែកគណនេយ្យពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រងដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រដ្ឋមន្ត្រីរូបនេះ ក៏ជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតមកពីជប៉ុនផ្នែកគោលនយោបាយពន្ធដារដែលបានទៅសិក្សារយៈពេល២ឆ្នាំនៅជប៉ុនក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០២។


នៅមុនការតែងតាំងជារដ្ឋមន្ត្រី លោកហេង សួរ ត្រូវបានគេដឹងថាមានតួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយតាំងពីមុនមកម្លេះ។ ក្នុងលោកគឺជាជំនួយការសម្តេចហ៊ុន សែន, ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុនៃគណៈកម្មកាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស, និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារជាដើម។ ដោយឡែកការងារនយោបាយក្នុងបក្សវិញ លោកមានតួនាទីចំនួន១២ផ្សេងគ្នាដូចជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ថៃម៉ាឡេស៊ី និងជប៉ុនជាដើម។
យ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អ្នកកាន់តំណែងកៅអីកំពូលៗរបស់រដ្ឋាភិបាល គេសង្កេតឃើញមានប្រភពចេញពីកូនអ្នកសាមញ្ញដែលជាអាជីវករ និងមន្ត្រីមួយចំនួន បានក្លាយជាឥស្សរជននយោបាយកាន់តំណែងជារដ្ឋមន្ត្រី៕






