ភ្នំពេញ៖ អតីតយុទ្ធជន ជឿជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី នឹងតម្កល់សន្តិភាព និងស្ថិរភាពក្នុងពេលបច្ចុប្បន្នកាន់តែយូរអង្វែង។
ស្របពេលថ្ងៃនេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៃក្បាលម៉ាស៊ីនថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានអតីតយុទ្ធជន បានលើកឡើងថា ពួកគាត់សម្តែងការពេញចិត្តចំពោះអ្នកដឹកនាំជំនាន់ថ្មី ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលសាកសមជាអ្នកបន្តវេនប្រកបដោយថាមពល និងសមត្ថភាព។
អតីតយុទ្ធជន បានបង្ហាញជំនឿលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកប្រទេសតាមលំនៅរបស់សម្តេចតេជោ ហ៊ុន សែន ដោយតម្កល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។
ជាមួយគ្នា អតីតយុទ្ធជន បន្តថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា គិតគូរចំពោះការលះបង់ និងវីរភាពរបស់អតីតយុទ្ធជនគ្រប់រូប ដែលអតីតយុទ្ធជនខ្លះទទួលនូវពិការភាព។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានគិតគូរដំឡើងប្រាក់បៀរវត្សន៍ជូនអតីតយុទ្ធជនជានិច្ច និងឧបត្ថម្ភរាល់តម្រូវការចាំបាច់ ក៏ដូចជាធានាដល់ការកាត់បន្ថយការចំណាយពីជីវភាពរបស់ពួកគាត់លើសុខុមាលភាពតាមរយៈប័ណ្ណសមធម៌ជាដើម ខណៈសមាគមអតីតយុទ្ធជនកម្ពុជា តែងតែជួបសំណេះសំណាលជាមួយអតីតយុទ្ធជនប្រភេទក១ និងក២ ដែលជួបការលំបាក ដើម្បីផ្តល់អំណោយដី និងផ្ទះ ក្នុងគោលបំណងឆ្លើយតបចំពោះការលះបង់ និងការលំបាករបស់អតីតយុទ្ធជនដែលបានពលីចំពោះជាតិមាតុភូមិ ៕ អត្ថបទ៖ ឧត្តម