
ទីក្រុងមូស្គូ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានបំផ្លាញ«ទូកឈ្លបយកការណ៍»មួយគ្រឿងរបស់យោធាអ៊ុយក្រែននៅជិតហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅនៅក្នុងការប៉ះទង្គិចចុងក្រោយបំផុតនៅក្នុងផ្លូវទឹក ចាប់តាំងពីទីក្រុងម៉ូស្គូ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់មួយ។
ការវាយប្រហាររបស់ភាគីទាំងពីរ បានកើនឡើងនៅក្នុងសមុទ្រខ្មៅ ចាប់តាំងពីប្រទេសរុស្ស៊ី កាលពីខែកក្កដាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិដែលបានអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រកបដោយសុវត្ថិភាពតាមរយៈមជ្ឈមណ្ឌលដឹកជញ្ជូន។
ប្រទេសរុស្ស៊ី បានទម្លាក់គ្រាប់បែកម្តងហើយម្តងទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែន នៅក្នុងសមុទ្រ និងនៅលើទន្លេ Danube ខណៈដែលអ៊ុយក្រែន បានវាយប្រហារនាវារុស្ស៊ីនៅក្នុងដែនទឹករបស់ខ្លួន និងឧបទ្វីបគ្រីម៉េ ដែលត្រូវបានបញ្ចូលជាឧបសម្ព័ន្ធរបស់ទីក្រុងមូស្គូក្នុងឆ្នាំ២០១៤។
ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយនៅលើ Telegram ថា យន្តហោះចម្បាំង Sukhoi Su-30smមកពីកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានបំផ្លាញ«ទូកឈ្លបយកការណ៍» ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន«នៅក្នុងតំបន់រោងចក្រផលិតឧស្ម័នរុស្ស៊ីនៅសមុទ្រខ្មៅ»។