
ថ្លែងជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallantនៅកន្លែងកើតហេតុបាញ់ប្រហារកាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahuនិយាយថា ប្រទេសរបស់លោកនឹងសងសឹកក្នុងពេលដ៏ខ្លីខាងមុខនេះ ចំពោះក្រុមអ្នកវាយប្រហារ និងអ្នកដែលបញ្ជូនពួកគេឲ្យមកវាយប្រហារមកលើពលរដ្ឋរបស់លោក ។ លោកថា អ៊ីរ៉ងគាំទ្រការវាយប្រហារចុងក្រោយរបស់ប៉ាឡេស្ទីនមកលើអ៊ីស្រាអែល ។
ដោយឡែក លោក Gallantនិយាយដែរថា វាពាក់ព័ន្ធនឹងការផ្តល់មូលនិធិរបស់អ៊ីរ៉ង់ ។
យោធាអ៊ីស្រាអែល បាននិយាយថា ស្រ្តីជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហាររបស់ជនប៉ាឡេស្ទីនសង្ស័យនៅជិតទីក្រុង Hebron ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង កាលពីថ្ងៃចន្ទ ។
ក្រុមនគរបាលអ៊ីស្រាអែល ដែលកំពុងតាមប្រម៉ាញ់រួចទៅហើយ ដើម្បីចាប់ខ្លួនជនប៉ាឡេស្ទីនម្នាក់ដែលសង្ស័យបានបាញ់សម្លាប់ជនជាតិអ៊ីស្រាអែល ២នាក់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននោះ និយាយថា ការវាយប្រហារនេះ មានការជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ស្របពេលដែលអំពើហិង្សាកើនឡើងកាលពីពេលថ្មីៗនេះ។
ខណៈពេលនោះដែរ លោក Hazem Qassem គឺអ្នកនាំពាក្យក្រុមឧទ្ទាមហាម៉ាស់ ដែលគ្រប់គ្រងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប បានកើតសរសើរដល់ការវាយប្រហារលើកនេះ ដោយលោកនិយាយថា វាគឺជាការឆ្លើយតបនឹងការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល មកលើជនប៉ាឡេស្ទីន ។
សូមបញ្ជាក់ថា ទាំងក្រុមឧទ្ទាមហាម៉ាស់ និងក្រុមជីហាដអ៊ីស្លាម ដែលជាក្រុមប្រដាប់អាវុធធំបំផុត ២របស់ប៉ាឡេស្ទីន ត្រូវបានគាំទ្រដោយទីក្រុងតេអេរ៉ង់ ៕