
នាវាមួយគ្រឿងនេះ ត្រូវបានបំពាក់ដោយក្តោងពិសេសចំនួន ២ឈ្មោះ WindWingsដែលនឹងសិក្សាថាតើកម្លាំងខ្យល់អាចកាត់បន្ថយការបំភាយឧស្ម័នដោយវិធីណា ហើយនិងការប្រើប្រាស់ថាមពលនៅក្នុងវិស័យដឹកជញ្ជូន។
ដំណើរមួយនេះ គឺជាដំណើរលើកដំបូងរបស់នាវាអាយុកាល ៥ឆ្នាំ Pyxis Oceanជាមួយនឹងក្តោងថ្មីរបស់វា។
ក្រុមហ៊ុនអាមេរិក Cargillដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជួលនាវាធំបំផុតនៅលើពិភពលោក បានរកវិធីធ្វើឲ្យនាវាទៅមុខជួយដោយកម្លាំងខ្យល់ ក្លាយជាជម្រើសថាមពលស្អាតជាងមុន។ ខ្យល់ គឺជាមធ្យោបាយធម្មតាដែលជួយរុញនាវាឲ្យទៅមុខ មុនពេលប្តូរមកប្រើម៉ាស៊ីនចំហាយទឹក និងម៉ាស៊ីនម៉ាស៊ូត ប៉ុន្តែបច្ចុប្បន្នភាគច្រើនប្រើប្រាស់តែសម្រាប់នាវាតូចៗប៉ុណ្ណោះ។
លោក Jan Dielemanគឺជាប្រធានផ្នែកដឹកជញ្ជូនតាមមហាសមុទ្ររបស់ក្រុមហ៊ុន Cargill និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាគឺជាដំណើរផ្សងព្រេង គ្មានការធានានោះទេថាសេដ្ឋកិច្ចនឹងត្រូវដើរ ប៉ុន្តែវាអាស្រ័យលើពួកយើងដែលត្រូវបង្ហាញឧស្សាហកម្មសមុទ្រនូវអ្វីដែលអាចទៅរួច ហើយសង្ឃឹមថានឹងធ្វើឲ្យមនុស្សមួយចំនួន មានជំនឿចិត្តលើបច្ចេកវិទ្យាមួយនេះ។
លោក Dielemanនិយាយថា នាវា Pyxis Oceanនឹងធ្វើដំណើរចេញពីសិង្ហបុរី ឆ្ពោះទៅកាន់ប្រទេសប្រេស៊ីល ហើយទំនងជាដឹកគ្រាប់ធុញ្ញជាតិទៅកាន់ប្រទេសដាណឺម៉ាក ។
លោកបន្តទៀតថា នាវាមួយគ្រឿងនេះ ទំនងជាបន្តនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ដើម្បីប្រើប្រាស់កម្លាំងខ្យល់ក្នុងកម្រិតអតិបរមា ៕