
ភូមិយ៉ាងហោច ១៤-១៥កន្លែងនៅរដ្ឋភាគខាងជើង Punjab ប្រទេសឥណ្ឌា បានរងការជន់លិចកាលពីថ្ងៃចន្ទ បន្ទាប់ពីការបញ្ចេញទឹកដ៏ច្រើនហួសហេតុពីទំនប់ទឹកនៅក្បែរនោះ ។
ទឹកពីទំនប់ទឹក Bhakraស្ថិតតាមដងទន្លេ Sutlej និងទំនប់ទឹក Pong ស្ថិតនៅលើដងទន្លេ Beas នៅរដ្ឋជិតខាង Himachal Pradeshត្រូវបានបញ្ចេញដោយភ្លៀងធ្លាក់ខ្លាំង ដែលនាំឲ្យជន់លិចភ្លាមៗតំបន់មួយចំនួននៅក្នុងរដ្ឋ Punjab ។
ប្រជាពលរដ្ឋរាប់រយនាក់ រស់នៅក្នុងទីក្រុង Ferozepur បានបំលាស់ទីចេញ ស្របពេលដែលក្រុមការងារសង្រ្គោះ ប្រើប្រាស់ទូកដើម្បីដឹកជញ្ជូនពួកគេទៅកាន់ទីទួលសុវត្ថិភាព ។
នៅក្នុងប្រទេសឥណ្ឌា គេបានមើលឃើញស្ថានភាពអាកាសធាតុដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាហេតុបណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំ រហូតដល់អាយុជីវិត និងទ្រព្យសម្បត្តិ ។
ក្រុមបរិស្ថាន បានធ្វើការព្រមានថា បម្រែបម្រួលអាកាសធាតុ និងសំណង់នៅតាមតំបន់ឆ្នេរនៅក្នុងប្រទេសឥណ្ឌា អាចនឹងនាំឲ្យមានគ្រោះមហន្តរាយធម្មជាតិច្រើនជាងនេះ ៕