
ប៉ូឡូញបង្ហាញយន្តហោះចម្បាំងមួយគ្រឿងក្នុងចំណោមយន្តហោះចម្បាំង FA-50ជាច្រើនគ្រឿងទៀតរបស់កូរ៉េខាងត្បូង ដែលពួកគេទទួលយកនៅមូលដ្ឋានយោធាស្ថិតក្នុងតំបន់ជាយក្រុងវ៉ាសូវី។
យន្តហោះចម្បាំងនេះ នឹងត្រូវចែកចាយទៅកាន់ក្រុមទំនើបកម្មកងយន្តហោះចម្បាំងនៃកងទ័ពអាកាសប៉ូឡូញ ដែលបច្ចុប្បន្នមានទាំងយន្តហោះចម្បាំងសម័យសហភាពសូវៀត និងក្រោយសម័យសហភាពសូវៀត។
អំឡុងពេលធ្វើបទបង្ហាញពីយន្តហោះចម្បាំង FA-50 រដ្ឋមន្រ្តីការពារជាតិប៉ូឡូញលោក Mariusz Blaszczak ( ម៉ារីអ៊ូស ប្លាសាក់) និយាយថា យន្តហោះមកពីលោកខាងលិច គឺគ្រាន់បើជាងយន្តហោះក្រោយសម័យសហភាពសូវៀត ។
យោងតាមការអះអាងរបស់លោក Blaszczakបានឲ្យដឹងថា យន្តហោះចម្បាំង FA-50ចំនួន ២គ្រឿង ត្រូវបានចែកចាយរួចទៅហើយទៅដល់ប្រទេសប៉ូឡូញ ក្នុងនោះយន្តហោះចម្បាំង ១០គ្រឿងទៀត គ្រោងនឹងមកដល់ពេលក្រោយក្នុងឆ្នាំនេះ។
កូរ៉េខាងត្បូង មានបំណងចង់ក្លាយជាដៃគូសំខាន់របស់ប៉ូឡូញ ហើយពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធតម្លៃ ១៣,៧ពាន់លានដុល្លារជាមួយទីក្រុងវ៉ាសូវី កាលពីឆ្នាំមុន ដែលជាកិច្ចព្រមព្រៀងការពារជាតិធំបំផុតពុំធ្លាប់ដែលមានរបស់ទីក្រុងសេអ៊ូល។
កិច្ចព្រមព្រៀងជាមួយប៉ូឡូញ ដែលជាសមាជិកដ៏សំខាន់របស់អង្គការណាតូ រួមមានទាំងជើងទម្របាញ់រ៉ុក្កែត Chunmooរាប់រយគ្រឿង រថក្រោះ K2 កាំភ្លើងធំស្វ័យបាញ់ K9 និងយន្តហោះចម្បាំង FA-50៕