
សីតុណ្ហភាពខ្ពស់ បានវាយប្រហារទីក្រុង Romeនិងទីក្រុង Milanកាលពីថ្ងៃចន្ទ ក្នុងនោះក្រុមភ្ញៀវទេសចរ និងប្រជាពលរដ្ឋនាំគ្នាធ្វើឲ្យត្រជាក់ខ្លួន ស្របពេលដែលរលកកម្តៅថ្មី Nero វាយប្រហារឧបទ្វីបមួយនេះ ។
យោងតាមការអះអាងរបស់វែបសាយព្យាករណ៍អាកាសធាតុ iLMeteo.it បានឲ្យដឹងថា រលកកម្តៅ Neroនឹងនាំឲ្យមានសីតុណ្ហភាព ៣៨អង្សាសេ សម្រាប់រយៈពេលយ៉ាងហោច ៥ថ្ងៃជាប់ៗគ្នា នៅតាមតំបន់ជាច្រើនរបស់ប្រទេសអ៊ីតាលី ។
ក្រុមអ្នកព្យាករណ៍អាកាសធាតុ និយាយថា ស្ថានភាពក្តៅខ្លាំងអាចនឹងលែងមាននៅដំណាច់សប្តាហ៍នេះ ពេលដែលសីតុណ្ហភាពធ្លាក់ចុះមកវិញ ចំពេលមកដល់របស់ព្យុះផ្គរន្ទះដែលមានសន្ទុះខ្យល់បក់ខ្លាំង ។
អ្នកនាង Nurzada Ulanbek គឺជាភ្ញៀវទេសចរមួយរូបមកពីប្រទេសអាល្លឺម៉ង់ និយាយថា វាពិតជាក្តៅខ្លាំងណាស់សម្រាប់ខ្ញុំ នោះហើយគឺជាហេតុផលដែលនាំឲ្យខ្ញុំលាបឡេការពារកម្តៅថ្ងៃ ។
អ្នកនាងបន្តថា នៅទីនេះ ពិតជាក្តៅខ្លាំងណាស់ បើខ្ញុំមិនប្រើឡេការពារកម្តៅថ្ងៃទេនោះ ខ្ញុំនឹងអាឡែស៊ីស្បែកជាក់ជាពុំខាននោះឡើយ ។
គួរឲ្យដឹងថា ប្រទេសអ៊ីតាលី បានឆ្លងកាត់ហេតុការណ៍អាកាសធាតុក្តៅខ្លាំង ចាប់តាំងពីរលកកម្តៅវាយប្រហារតំបន់ភាគខាងត្បូងអឺរ៉ុប កាលពីខែមុន ក្នុងនោះសីតុណ្ហភាពក្តៅខ្លាំងដូចភ្លើង នាំឲ្យហានិភ័យកើនឡើងចំពោះភ្លើងឆេះព្រៃ និងការស្លាប់មនុស្ស ៕