នីហ្សេ៖ ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់ប្លុកសហភាពអាហ្វ្រិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអង្គារ (២២សីហា)ថា ប្រទេសនីហ្សេ ត្រូវបានផ្អាកភ្លាមៗពីសកម្មភាពទាំងអស់របស់សហភាពអាហ្វ្រិក (AU) បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា។
ប្លុកក្នុងតំបន់បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមេដឹកនាំរដ្ឋប្រហារ ដោះលែងប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ហើយត្រឡប់ទៅបន្ទាយរបស់ពួកគេវិញ។
រដ្ឋប្រហារនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច និងបណ្ដារដ្ឋអាហ្វ្រិកប្រជាធិបតេយ្យ ដែលមានការព្រួយបារម្ភថា ការធ្វើរដ្ឋប្រហារនេះអាចអនុញ្ញាតឱ្យក្រុមអ៊ីស្លាមនិយមនៅក្នុងប្រទេសតំបន់ Sahel អាហ្វ្រិកមួយនេះ ពង្រីកវិសាលភាពរបស់ពួកគេ និងផ្តល់ឱ្យរុស្ស៊ីនូវជំហរបង្កើនឥទ្ធិពលរបស់ខ្លួន។
ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខសហភាពអាហ្វ្រិក AU បាននិយាយថា ខ្លួនបានកត់សម្គាល់ការសម្រេចរបស់សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដើម្បីដំណើរការកងកម្លាំងត្រៀម សម្រាប់អន្តរាគមន៍យោធាដែលអាចកើតមាន ហើយបានស្នើឱ្យគណៈកម្មការ AU វាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងសន្តិសុខ នៃការដាក់ពង្រាយកម្លាំងបែបនេះផងដែរ៕


