ប៉ាគីស្ថាន៖ ក្រុមអ្នកសង្រ្គោះប៉ាគីស្ថាន បានទាញកុមារចំនួន៧នាក់ និងបុរសម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីយានខ្សែកាប្លិ៍របស់ពួកគេ បានជាប់គាំងសំកាំងលើអាកាសនៅលើជ្រោះនៅតំបន់ដាច់ស្រាយាលមួយកន្លែង កាលពីថ្ងៃអង្គារ ទី២២សីហា ដោយបានបញ្ចប់ប្រតិបត្តិការសង្រ្គោះរយៈជាង១៥ម៉ោង។
ប្រតិបត្តិការនៅលើអាកាសដ៏គ្រោះថ្នាក់ នៅក្នុងភាគខាងជើងរបស់ប្រទេសប៉ាគីស្ថាន ត្រូវបានបញ្ចប់នៅកាលពីយប់មិញ បន្ទាប់ពីយានខ្សែកាប្លិ៍នេះ បានគាំងនៅពេលព្រឹក ដែលបណ្ដាលយានខ្សែកាប្លិ៍នេះសំកាំងលើអាកាសពេញមួយថ្ងៃ។
លោកនាយករដ្ឋមន្ត្រៅចាំផ្ទះ អាន់វ៉ាអាល់ ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា កុមារទាំងអស់ ត្រូវបានជួយសង្រ្គោះប្រកបដោយសុវត្ថិភាពនិងជោគជ័យ ។
ប្រតិបត្តិការសង្រ្គោះពីឧទ្ទម្ភាគចក្រយោធាមួយគ្រឿង ត្រូវបានលុបចោល នៅពេលយប់ បន្ទាប់ពីកុមារ២នាក់ ត្រូវបានយកចេញពីយានខ្សែកាប្លិ៍ដោយសុវត្ថិភាព។
ក្រុមមន្ត្រីបាននិយាយថា មួយក្នុងចំនៅយានខ្សែកាប្លិ៍ជាច្រើន ដែលដឹកទូយានខ្សែកាប្លិ៍ បានគាំងនៅម៉ោងប្រហែល ៧ ព្រឹក ខណៈសិស្សកំពុងធ្វើដំណើរទៅសាលារៀននៅតំបន់ភ្នំដាច់ស្រយាលមួយក្នុងក្រុងបាត់តាក្រាម (Battagram) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងអ៊ីស្លាម៉ាបាដ។ មន្ត្រីជួយសង្គ្រោះមួយរូបនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មានរ៉យទ័រថា យានខ្សែកាប្លិ៍នេះ បានជាប់គាំងពាក់កណ្តាលផ្លូវឆ្លងកាត់ជ្រោះដែលមានកម្ពស់ប្រហែល ២៧៥ ម៉ែត្រ ពីលើដី៕

