អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះម៉ូអ៊ី ក្នុងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់១១៥នាក់ គិតត្រឹមថ្ងៃចន្ទ (២១សីហា) នេះបើយោងតាមទិន្នន័យចំនួនអ្នកស្លាប់ពីតំបន់កោះម៉ូអ៊ី។
រហូតមកដល់ពេលនេះ ទីតាំងលំនៅឋានមួយជាន់ទាំងអស់នៅក្នុងតំបន់គ្រោះមហន្តរាយ ត្រូវបានធ្វើការស្វែងរក។ យោងតាមទីភ្នាក់ងារតំបន់បានឲ្យដឹងថា ក្រុមសង្គ្រោះ នឹងចាប់ផ្តើមស្វែងរកទីតាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានច្រើនជាន់បន្តទៀត។
ទីភ្នាក់ងារតំបន់នេះ បានចេញសេចក្តីជូនដំណឹងអំពីបញ្ហាទឹកដែលមិនមានសុវត្ថិភាពនៅទីក្រុងឡាហេណា និងតំបន់ Upper Kula ដោយស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់តែទឹកដប ឬទឹកស្អាតដែលផ្តល់ដោយរថយន្តផ្ទុកទឹក សម្រាប់ផឹក ដុសធ្មេញ ធ្វើទឹកកក រៀបចំអាហារ និងសម្រាប់ការប្រើប្រាស់ផ្សេងៗទៀត។
អភិបាលកោះម៉ូអ៊ី លោក Richard Bissen បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន៨៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីចំហេះព្រៃបានឆាបឆេះពេញកោះកាលពីដើមខែនេះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។
ដំបូងឡើយមនុស្សជាង២.០០០នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ ចំហេះព្រៃនៅកោះម៉ូអ៊ី គឺជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្ស និងជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋហាវ៉ៃ ផងដែរ៕

